ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យត្រូវម្នាក់ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តនៅរសៀល ទី០៣ ខែធ្នូ ឆ្នាំ២០២២នេះ។
លោកនួន នីណារ៉ូ មេបញ្ជាការកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតប្រាប់ថាៈ កាលពីវេលាម៉ោង ១២និង៤៩នាទី ថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២នេះបានឃាត់ខ្លួនជនសង្ស័យម្នាក់ ករណី លួច និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ នៅចំណុចផ្ទះលេខG21 ស្ថិតនៅភូមិគីឡូម៉ែត្រ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
លោក បានឱ្យដឹងទៀតថា ការឃាត់ខ្លួនករណីខាងលើនេះយោងតាមពាក្យបណ្តឹងឈ្មោះ DANI AQFHAK YULIYAN ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិ ឥណ្ឌូនេស៊ី និងឈ្មោះ OMITH ភេទស្រី អាយុ ៣១ឆ្នាំ ជនជាតិឥណ្ឌូនេស៊ី បច្ចុប្បន្នស្នាក់នៅក្នុង បុរី សាន ស៊ានហូ ស្ថិតនៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ។
ជនសង្ស័យឈ្មោះ ឈៀង សុភា ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មានទីកន្លែងកំណើតនៅខេត្តកោះកុង បច្ចុប្បន្នរស់នៅភូមិចាន់គិរី សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត បានធ្វើសកម្មភាពលួចទូរស័ព្ទដៃ កាលពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២២ ដោយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានចុះប្រតិបត្តិការភ្លាមៗទៅដល់កន្លែងកើតហេតុ និងបានឆែកកាមេរ៉ា សុវត្ថិភាព ឃេីញជនសង្ស័យពិតជាបានធ្វើសកម្មភាពចូលក្នុងផ្ទះ របស់ជនរងគ្រោះទាំងពីរនាក់ ហើយលួចយកទូរស័ព្ទពិតប្រាកដមែន។
ជនសង្ស័យក្រោយពីឃាត់ខ្លួនត្រូវបានកម្លាំងនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងធ្វើការសួរនាំតាមនីតិវិធី និងបានធ្វើតេស្តត្រួតពិនិត្យទឹកនោមលទ្ធផលវិជ្ជមានផងដែរ។
ក្រោយការឃាត់ខ្លួន និងសួរចម្លេីយជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វេីសកម្មភាពចូលលួចទូរស័ព្ទរបស់ជនរងគ្រោះទាំង២នាក់ពិតប្រាកដមែន។ ដោយផ្អែកតាមចម្លេីយសារភាព និងមានវត្ថុតាង ជនសង្ស័យរូបនេះត្រូវបានកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុង កសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មេីសបានឱ្យដឹងថា ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធី ពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការបន្ត ចំណែកវត្ថុតាង(ទូរស័ព្ទ) ត្រូវបានកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែតប្រគល់ជូនម្ចាស់ដេីមវិញ៕
ដោយ ៖ វណ្ណា