ព័ត៌មានទាន់ហេតុការណ៍៖

លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ អញ្ជើញជាអធិបតីភាពបិទពិធីបុណ្យអុំទូកនៅខេត្តកំពង់ឆ្នាំង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានអញ្ជើញជាអធិបតីភាពបិទពិធីបុណ្យអុំទូកនៅខេត្តកំពង់ឆ្នាំង នារសៀល ថ្ងៃសៅរ៍ ១០កើត ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹង ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ ។

ថ្លែងទៅកាន់មន្ត្រីរាជការ កីឡាករ កីឡាការិនិអុំទូក ក៏ដូចជាប្រជាពលរដ្ឋ ដែលបានចូលរួមពិធីបុណ្យអុំទូកនោះ លោកស្រី បានថ្លែងកោតសរសើរអាជ្ញាធរខេត្តកំពង់ឆ្នាំង ដែលបានរៀបចំពិធីបុណ្យអុំទូកយ៉ាងសប្បាយរីករាយ ជាទីបំផុត ។ លោកស្រី បានចូលរួមអបអរសាទរជាមួយចំណុះទូកទាំងអស់ដែលបានចូលរួមប្រកួតនៅក្នុងថ្ងៃនេះ  ដែលបានបង្ហាញអំពីការរួមសាមគ្គីគ្នា ក្រោមម្លប់នៃសុខសន្តិភាព និងការអភិវឌ្ឍន៍ ។ ដោយសារតែកម្ពុជាមានសុខសន្តិភាព ទើបមានការជួបជុំយ៉ាង សប្បាយបែបនេះ ដោយមិនខ្លាច និងមានការភិតភ័យដូចបណ្តាប្រទេសមួយចំនួន ។ ក្នុងន័យនេះ លោកស្រីបានអំពាវនាវឲ្យប្រជាពលរដ្ឋឲ្យរួមគ្នាថែរក្សាសុខសន្តិភាព ដើម្បីនាំមកនូវភាពសប្បាយ រីករាយដូចពេលនេះ និងបានអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ត្រូវគោរពតាមវិធានការរបស់ក្រសួងសុខាភិបាល ពិសេស វិធានការណ៍ ៣ការពារ ៣កុំ ឲ្យបានគ្រប់គ្នា ពិសេស ត្រូវអញ្ជើញទៅ ពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតឲ្យបានគ្រប់គ្នាតាមកាលបរិច្ឆេទកំណត់របស់គណៈកម្មាធិការជាតិនៃការបោះឆ្នោត ដែលនឹងត្រូវបិទបញ្ចប់នៅថ្ងៃទី ០៨ ខែធ្នូ ឆ្នាំ ២០២២ នាពេលខាងមុខនេះ ។  

លោកស្រីបានបន្តទៀតថា ពិធីបុណ្យអុំទូកនេះរៀបចំឡើង ដើម្បីអបអរសាទរខួបលើកទី១៨ នៃការយាងគ្រងព្រះបរមសិរីរាជសម្បត្តិរបស់ព្រះករុណាព្រះបាទ សម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ, អបអរសាទរខួបលើកទី៦៩ ពិធីបុណ្យឯករាជជាតិ និងទិវាកំណើតកងយោធពលខេមរភូមិន្ទ និងអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និង សំពះព្រះខែ ។ 

សូមបញ្ជាក់ថា ក្នុងពិធីបុណ្យទុំទូកនៅខេត្តកំពង់ឆ្នាំងនេះ រដ្ឋបាលខេត្ត ក៏បានរៀបចំស្តង់ពិព័រណ៍លក់ផលិតផល ការប្រគុំតន្ត្រី បណ្តែតប្រទីប និងបាញ់កាំជ្រួច ការប្រណាំងកង់ ការរត់ម៉ារ៉ាតុង និងការប្រដាល់គុណខ្មែរ ៕

ដោយ : សហការី


ចែករំលែក៖