ភ្នំពេញ ៖ ប្រធាន អនុប្រធានមណ្ឌលតាមមណ្ឌលនីមួយៗ បានដឹកនាំកិច្ចប្រជុំណែនាំពីតួនាទីភារកិច្ច បទប្បញ្ញត្តិនានាក្នុងការប្រឡង ព្រមទាំងចែកប័ណ្ណសម្គាល់ ដល់គណៈកម្មការកណ្ដាល គណៈកម្មការអនុរក្ស និងគណៈកម្មការសន្តិសុខមណ្ឌលសំណេរ ដោយមានការចូលរួមពីគណៈមេប្រយោគទូទាំងប្រទេស គណៈកម្មការអប្បមាទទូទាំងប្រទេស ជំនួយការអប្បមាទ អង្គភាពប្រឆាំងអំពើពុករលួយ និងអាជ្ញាធរដែនដីទទួលបន្ទុករក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់ នៅថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២ នៅមណ្ឌលសំណេរគ្រប់រាជធានី-ខេត្ត ។
សូមបញ្ជាក់ថា, កិច្ចប្រជុំនេះ ប្រព្រឹត្តទៅនៅតាមមណ្ឌលសំណេរទាំង២៥ រាជធានី-ខេត្ត ដើម្បីធ្វើយ៉ាងណាឱ្យដំណើរការសំណេរនៃប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និងបំពេញវិជ្ជាសម័យប្រឡង ៖ ០៥ ធ្នូ ២០២២ ខាងមុខ ប្រព្រឹត្តទៅដោយគោរពតាមគោលការណ៍ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផលទទួលយកបាន ព្រមទាំងអនុវត្តតាមវិធានការសុខភាព និងសុវត្ថិភាពសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ របស់ក្រសួងសុខាភិបាល។
ដើម្បីទទួលបានព័ត៌មានផ្សេងៗ និងសំណួរចម្លើយទាក់ទងនឹងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សូមចូលទៅកាន់៖ https://t.me/moeysbot ៕
ដោយ : សហការី