ភ្នំពេញ៖ លោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា នៅព្រឹកថ្ងៃចន្ទទី០៥ ខែធ្នូ ឆ្នាំ២០២២នេះ បានថ្លែងនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន ដោយជូនពរប្អូនៗសិស្សានុសិស្សជាបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ទទួលបានជោគជ័យល្អទាំងអស់គ្នា។
ជាក់ស្ដែងលោក ហ៊ុន ម៉ានី បានគូសបញ្ជាក់ថា៖ សូមជូនពរប្អូនៗសិស្សានុសិស្សជាបេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រលង ថ្ងៃទី០៥ និងទី០៦ ខែធ្នូ ឆ្នាំ២០២២ ទទួលបានជោគជ័យល្អទាំងអស់គ្នា។ សូមជូនពរឱ្យដំណើរការប្រលងប្រព្រឹត្តទៅបានដោយរលូន និងសម្រេចបានលទ្ធផលគាប់ប្រសើរ។
សូមជម្រាបដែរថា ក្នុងពិធីបើកហិបវិញ្ញាសាក៏មានការអញ្ជើញចូលរួមដោយលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា, លោក ឃាង សេង ប្រធានក្រុមការងារអង្គភាពប្រឆាំងអំពើពុករលួយប្រចាំរាជធានីភ្នំពេញ និងលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ។
ក្រៅតែពីរាជធានីភ្នំពេញ តាមបណ្តាខេត្តនានា ដំណើរការប្រលងក៏ត្រូវបានប្រព្រឹត្តទៅព្រមៗគ្នាតាមពេលវេលា ដែលបានកំណត់។ តាមបណ្តាខេត្តនីមួយៗ ក៏មានការអញ្ជើញបើកហិបវិញ្ញាសាពីសំណាក់ថ្នាក់ដឹកនាំខេត្តផងដែរ។
ដោយឡែកសន្តិសុខសណ្តាប់ធ្នាប់ ក៏ត្រូវបានរក្សា និងរឹតបន្តឹងដូចនឹងបណ្តាឆ្នាំផងដែរ ក្រោមកិច្ចសហការជាមួយកម្លាំងសមត្ថកិច្ចទាំងនគរបាល និងកងរាជអាវុធហត្ថ៕
ដោយ៖ស តារា