ព័ត៌មានទាន់ហេតុការណ៍៖

ឆ្នាំ២០២២នៅទូទាំងខេត្តរតនគិរី ដំណើរការប្រឡងប្រព្រឹត្តទៅដោយរលូននិងមានបេក្ខជាជនជាជនជាតិដើមភាគតិចចំនួន ៥១០នាក់ ស្រី២៤៧នាក់

ចែករំលែក៖

ខេត្តរតនគិរី ៖ នៅថ្ងៃចន្ទ ទី៥ ខែធ្នូ ឆ្នាំ២០២២នេះ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ឆ្នាំសិក្សា២០២២បានចាប់ផ្តើមដំណើរការហើយនៅទូទាំងប្រទេសកម្ពុជា។ ដោយឡែកសម្រាប់ខេត្តរតនគិរីក៏បានដំណើរការប្រឡងប្រព្រឹត្តិទៅប្រកបដោយភាពរលូន។

លោក ខាត់ សាម៉ាល់ ប្រធានមន្ទីរអប់រំ យុវជន និង កីឡាខេត្តរតនគិរី បានឱ្យដឹងថាដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ចំណេះទូទៅ និងបំពេញវិជ្ជា សម្រាប់ខេត្តរតនគិរីសម័យប្រឡងថ្ងៃទី៥-៦ខែធ្នូឆ្នាំ២០២២ នេះ មានចំនួន៣មណ្ឌលប្រឡងគឺ៖ មណ្ឌលប្រឡងអនុវិទ្យាល័យ ប៊ូ ថង ទេសអន្លុង ថ្នាក់វិទ្យាសាស្រ្ដ មានចំនួន ១៤បន្ទប់មានបេក្ខជនសរុបន៣៤១នាក់ ស្រី១៧៧នាក់,មណ្ឌលវិទ្យាល័យសម្ដេចឪ-សម្ដេចម៉ែ ថ្នាក់វិទ្យាសាស្រ្ដសង្គម ចំនួន៣០ បន្ទប់ មានបេក្ខជនសរុប ៧៣៣នាក់ ស្រី៣៨៨ នាក់ និងមណ្ឌលប្រឡងវិទ្យាល័យហ៊ុន សែន ភូមិថ្មី ថ្នាក់វិទ្យាសាស្រ្តសង្គមមាន២២បន្ទប់មានបេក្ខជន៥៣៣ នាក់ ស្រី២២៥នាក់។ សរុបទាំង៣មណ្ឌល មានបេក្ខជនសរុប ១,៦០៧នាក់ ស្រី៧៩០នាក់ ក្នុងនោះមានបេក្ខជន ជាជនជាតិដើមភាគតិចចំនួន ៥១០នាក់ ស្រី២៤៧នាក់ផងដែរ។

លោក  ញ៉ែម សំអឿន អភិបាលនៃគណៈអភិបាលខេត្តរតនគិរី ដែលបានអញ្ជើញចូលរួមបើកកញ្ចប់វិញ្ញាសាប្រឡងនៅព្រឹកថ្ងៃចន្ទទី៥នេះ នៅមណ្ឌលប្រឡងវិទ្យាល័យសម្តេចឪ-សម្តេចម៉ែ បានលើកទឹកចិត្តដល់ក្មួយៗដែលជាបេក្ខជន បេក្ខនារីទាំងអស់ ត្រូវខិតខំធ្វើឱ្យអស់ពីលទ្ធភាព និងចូលរួមថែទាំសុខភាពឱ្យបានល្អ សម្រាកឱ្យបានគ្រប់គ្រាន់ និងជូនពរប្រឡងជាប់និទ្ទេសល្អៗទាំងអស់គ្នា។ លោកអភិបាលខេត្តបានបន្ថែមថា ការប្រឡងឆ្នាំនេះដំណើរការទៅរយៈពេល២ថ្ងៃគឺទី៥ និងទី៦ ខែធ្នូ ឆ្នាំ២០២២ ហើយក្រសួងអប់រំ យុវជន និងកីឡា បានរឹតបន្ទឹងដល់បេក្ខជន បេក្ខនារី ដើម្បីធ្វើយ៉ាងណាឱ្យវិស័យអប់រំនៅកម្ពុជា មានគុណភាព មាន ន័យថា អ្នកចេះ គឺជាប់។

សូមបញ្ជាក់ថា ការប្រឡងឆ្នាំនេះបេក្ខជន បេក្ខនារីទាំង អស់ ត្រូវពាក់ម៉ាសនិងបង្ហាញកាតចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ទើបអនុញ្ញាតអោយចូលប្រឡង។ ជា ពិសេសមានគ្រូអនុរក្ស ចាំឆែកឆេរលើដងខ្លួនបេក្ខជនប្រឡងមុននឹងឱ្យចូលក្នុងបន្ទប់ប្រឡងសំដៅធានាថាបេក្ខជនបេក្ខនារីទាំងអស់មិនមានឱកាសបានយកសំណៅឯកសារ ព្រីយ៉ុងឬម៉ាស៊ីនគិតលេខ ទូរស័ព្ទ ចូល ក្នុងបន្ទប់ប្រឡងបានដាច់ខាត។ ដោយឡែកនៅក្រៅបរិវេណមណ្ឌលប្រឡងគេឃើញមានក្រុមស.ស.យ.ក.  ខេត្តបានជួយរៀបចំកន្លែងផ្ញើម៉ូតូដោយមិនគិតថ្លៃ និងមានកងកម្លាំងនគរបាល,កងរាជអាវុធហត្ថ ក្រុមគ្រូពេទ្យ ក៏មានវត្តមាន នៅមណ្ឌលប្រឡងទាំង៣នោះថែមទៀតផង៕

ដោយ៖ សូរិយា


ចែករំលែក៖