ព័ត៌មានទាន់ហេតុការណ៍៖

ជប៉ុនប៉ះក្រូអាត ខណៈប្រេស៊ីលប៉ះកូរ៉េខាងត្បូង ប្រជែងគ្នាយកកៅអីវគ្គ៨ក្រុមក្នុងរាត្រីនេះ

ចែករំលែក៖

ការ​ជួប​គ្នា​លើក​ទី​៣ នៃព្រឹត្តិការណ៍ World Cup រវាង​ជប៉ុន និង​ក្រូអាត ដោយ​ជប៉ុន​​គ្មាន​គ្រាប់​បាល់​បញ្ចូល​ទី​ក្នុង​២​លើក​មុន គឺ​ចាញ់ ០-១ កាលពី​ឆ្នាំ១៩៩៨ និង​ឆ្នាំ២០០៦ទាំង​ក្នុង​វគ្គ​ចែក​ពូល។ ការ​ជួបគ្នារវាងក្រុមទាំង២​នោះ​គឺ​ជា​ការ​ប្រកួត World Cup លើក​មុន​របស់​ក្រូអាត​ទល់​នឹង​ប្រទេស​អាស៊ី​មួយនេះ។ ចំណែកប្រេស៊ីលត្រូវប៉ះកូរ៉េខាងត្បូងដើម្បីស្វែងរកអ្នកឈ្នះឈានទៅវគ្គ៨ក្រុមដែរ។

ជប៉ុនបានឈ្នះការប្រកួត World Cup 2022 របស់ខ្លួនទាំង២ទល់នឹងក្រុមអឺរ៉ុប ដោយឈ្នះអេស្ប៉ាញ និងអាល្លឺម៉ង់ ២-១ ក្នុងវគ្គចែកពូល។ ពួក​គេ​បាន​ឈ្នះ​តែ២​ប្រកួត​ក្នុង​ចំណោម​ការ​ប្រកួត World Cup ១០លើកដំបូង​ទល់​នឹង​ក្រុម​អឺរ៉ុប​មុន​ឆ្នាំ​នេះ (ឈ្នះ២ ស្មើ៣ ចាញ់៥)។

ជប៉ុន​បាន​ឈាន​ដល់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​នៃ​ព្រឹត្តិការណ៍ World Cup ជា​លើក​ទី​៤ រួម​ទាំង​ការ​ប្រកួត​ទាំង​២​លើក​ចុង​ក្រោយ។ ទោះបីជាយ៉ាងណាក៏ដោយ ពួកគេមិនដែលឈានចេញពីវគ្គនេះទេ ដោយចាញ់ប៉ារ៉ាហ្គាយ (ដោយបាល់ប៉េណាល់ទី) ក្នុងឆ្នាំ២០១០ និងបែលហ្ស៊ិកក្នុងឆ្នាំ២០១៨។ ប្រទេសអាស៊ីតែមួយគត់ដែលបានឈានដល់វគ្គ 1/4ផ្តាច់ព្រ័ត្រ World Cup គឺកូរ៉េខាងជើងក្នុងឆ្នាំ១៩៦៦ និងសាធារណរដ្ឋកូរ៉េក្នុងឆ្នាំ២០០២។

ចំណែកក្រុមក្រូអាតនឹងក្លាយជាការបង្ហាញខ្លួនជាលើកទី៣របស់ខ្លួនក្នុងជុំ១៦នៅ World Cup ខណៈពេលដែលពួកគេបានឈានចេញពីដំណាក់កាលនេះក្នុងការប្រកួតទាំង២លើកមុន ដោយបានផ្តួលរូម៉ានី ១-០ក្នុងឆ្នាំ១៩៩៨ និងដាណឺម៉ាកដោយបាល់ប៉េណាល់ទីក្នុងឆ្នាំ២០១៨ ធ្វើឲ្យឆ្នាំ២០១៨នោះក្រុមក្រូអាតទទួលបានជើងឯករង ក្រោយពីចាញ់បារាំងក្នុងវគ្គផ្តាច់ព្រ័ត្រ។

ក្រូអាតបានចាញ់តែ២ប្រកួតប៉ុណ្ណោះក្នុងចំណោមការប្រកួតជម្រុះទាំង៨លើករបស់ពួកគេនៅ World Cup (ឈ្នះ៤ ស្មើ២ ចាញ់២) ខណៈពេលដែលពួកគេក៏រីកចម្រើនពីការប្រកួត២ដែលបានបញ្ចប់ដោយស្មើដោយបាល់ប៉េណាល់ទី ក្នុងឆ្នាំ២០១៨(ជាមួយដាណឺម៉ាកក្នុងជុំទី១៦ ក្នុងប្រទេសរុស្ស៊ី)

ក្រូអាតបានបរាជ័យក្នុងការរកគ្រាប់បាល់បាន២ក្នុងការប្រកួតវគ្គចែកពូលទាំង៣ប្រកួតរបស់ខ្លួននៅ World Cup ឆ្នាំនេះ ដោយបាន​ត្រឹម​ស្មើ​ក្នុង​ការ​ប្រកួត​ចំនួន២​ក្នុង​ចំណោម​ការ​ប្រកួត​ចំនួន១៣កាលពី​ឆ្នាំ២០០៦, ២០១៤, ២០១៨។

ប្រវត្តិនៃការជួបគ្នា៣លើករបស់ក្រូអាតនឹងជប៉ុនគឺឈ្នះម្នាក់ម្តង និងស្មើម្តង។ ប្រកួតលើកចុងក្រោយស្មើគ្នា០ទល់០ ក្នុងការប្រកួតជម្រុះ World Cup កាលពីឆ្នាំ២០០៦។ រីឯស្ថិតិនៃការប្រកួតក្នុងវគ្គចែកពូលឆ្នាំនេះវិញ ជប៉ុនឈ្នះ២ ចាញ់១ ដោយប្រកួតដំបូងឈ្នះអាល្លឺម៉ង់២ទល់១, ចាញ់កូស្តារីកា១ទល់០ និងឈ្នះអេស្ប៉ាញ២ទល់១ ឈរលេខ១ក្នុងពូល។ ចំណែកក្រូអាតវិញការប្រកួតជម្រុះក្នុងពូលគឺឈ្នះ១ ស្មើ២ ដោយប្រកួតដំបូងស្មើជាមួយម៉ារ៉ុក ០ទល់០, ឈ្នះកាណាដា៤ទល់១ និងស្មើបែលហ្ស៊ិក០ទល់០ ឈរលេខ២ក្នុងពូល។

ដោយឡែកប្រេស៊ីលហាក់មានប្រៀបជាងកូរ៉េខាងត្បូង ដោយយោងទៅលើប្រវត្តិជួបគ្នា៣លើកចុងក្រោយ កូរ៉េខាងត្បូងមិនដែលឈ្នះប្រេស៊ីលនោះទេ។ ការជួបគ្នា៣លើកនោះគឺប្រេស៊ីលឈ្នះ២ទល់០ក្នុងទឹកដីជប៉ុន, ប្រេស៊ីលឈ្នះ៣ទល់០ក្នុងទឹកដីខ្លួនឯង និងប៉ះគ្នាចុងក្រោយប្រេស៊ីលឈ្នះ៥ទល់១ក្នុងទឹកដីកូរ៉េខាងត្បូងក្នុងជំនួបមិត្តភាព។

ការប្រកួតរវាងជប៉ុននឹងក្រូអាតនឹងធ្វើឡើងនៅវេលាម៉ោង១០យប់ថ្ងៃទី៥ ខែធ្នូនេះម៉ោងនៅកម្ពុជា ខណៈដែលប្រេស៊ីលត្រូវប៉ះកូរ៉េខាងត្បូងនៅម៉ោង២រំលងអធ្រាត្រ។ ក្រុមទាំង៤ត្រូវប្រជែងគ្នាយកឈ្នះរៀងៗខ្លួនដើម្បីស្វែងរក២ក្រុមដែលឈ្នះប៉ះគ្នាក្នុងវគ្គ៨ក្រុមបន្តទៀត ៕

ដោយ៖ ភារៈ(រូបភាព ៖ soccerway.com)


ចែករំលែក៖