អន្តរជាតិ៖ បើតាមទីភ្នាក់ងារសារព័ត៌មាន RT របស់រុស្សីបានចុះផ្សាយនៅព្រឹកថ្ងៃអង្គារទី០៦ ខែធ្នូឆ្នាំ២០២២នេះថា៖ នាយករដ្ឋមន្ត្រីរុស្ស៊ីលោក Mikhail Mishustin បាននិយាយក្នុងអំឡុងសន្និសីទតាមវីដេអូជាមួយនាយករដ្ឋមន្ត្រីចិន លោក Li Keqiang កាលពីថ្ងៃចន្ទថា ប្រទេសលោកខាងលិចដែលប្រើមធ្យោបាយខុសច្បាប់ដើម្បីសម្លុតអ្នកដទៃឱ្យលេងតាមច្បាប់របស់ពួកគេ ទីបំផុតនឹងត្រូវបរាជ័យ។
លោក Mishustin បានសង្កេតឃើញថា “សណ្តាប់ធ្នាប់ពិភពលោកកំពុងឆ្លងកាត់ការផ្លាស់ប្តូរយ៉ាងធ្ងន់ធ្ងរ”។ លោកបន្ថែមថាប្រទេសលោកខាងលិចមួយចំនួនបានសម្រេចចិត្តប្រើប្រាស់ទណ្ឌកម្មសេដ្ឋកិច្ច ការដាក់កំហិត និងសម្ពាធនយោបាយខុសច្បាប់ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីដាក់ច្បាប់របស់ពួកគេ ខណៈដែលពួកគេបដិសេធទាំងស្រុងនូវផលប្រយោជន៍របស់ប្រទេសដទៃ។
លោកបានបន្តទៀតថា ភាពជាដៃគូយុទ្ធសាស្ត្ររបស់រុស្ស៊ីជាមួយចិននឹងទទួលជោគជ័យ ហើយនិង “បង្ហាញពីសក្តានុពលច្នៃប្រឌិតដ៏អស្ចារ្យរបស់ខ្លួន” នៅក្នុងទិដ្ឋភាពភូមិសាស្ត្រនយោបាយដែលកំពុងផ្លាស់ប្តូរ៕
ដោយ៖សហការី(រូបភាព៖ RT)