ព័ត៌មានទាន់ហេតុការណ៍៖

សាលាឧទ្ធរណ៍ភ្នំពេញនឹងប្តូរទីតាំងទៅតំបន់អភិវឌ្ឍន៍OCIC ចាប់ពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣

ចែករំលែក៖

ភ្នំពេញ ៖ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ សាលាឧទ្ធរណ៍ភ្នំពេញ បានចេញ សេចក្តីជូនដំណឹង  ស្តីពី ការប្តូរទីតាំងថ្មី នៃសាលាឧទ្ធរណ៍ភ្នំពេញ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ ។ 

សាលាឧទ្ធរណ៏ភ្នំពេញ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ មានកិត្តិយស សូមគោរពនិង ជម្រាបជូន សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំក្រសួង ស្ថាប័ន សាលាជម្រះក្តីគ្រប់ ជាន់ថ្នាក់ សមាជិក-សមាជិកានៃគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា និងអង្គភាពពាក់ព័ន្ធនានា ព្រមទាំង សាធារណជន មេត្តាជ្រាបថា៖ សាលាឧទ្ធរណ៍ភ្នំពេញ និងមហាអយ្យការអមសាលាឧទ្ធរណ៍ភ្នំពេញ នឹងប្តូរទីតាំង ពីក្នុងបរិវេណទីស្ដីការក្រសួងយុត្តិធម៌ មហាវិថីសម្តេចសុធារស សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ទៅទីតាំងថ្មីនៅអគារសាលាយុត្តិធម៌ ស្ថិតនៅដីឡូត៍លេខ B តំបន់អភិវឌ្ឍន៍ OCIC ផ្លូវលោកតាក្រហមក ភូមិព្រែកលៀប សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ចាប់ពីថ្ងៃចន្ទ ៣រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣ តទៅ។

សេចក្តីដូចបានជម្រាបជូនខាងលើ សូម សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី និង សាធារណជនទាំងអស់ មេត្តាជ្រាបជាព័ត៌មាន ៕

ដោយ : សិលា


ចែករំលែក៖