ខេត្តបាត់ដំបង ៖ សមត្ថកិច្ចនគរបាល ផែនការងារនគរបាល ព្រហ្មទណ្ឌ ខេត្តបាត់ដំបង នៅម៉ោង ១៥និង០០ នាទី ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២២ បានសហការ ជាមួយនគរបាល ខេត្តបន្ទាយមានជ័យ ធ្វេីការឃាត់ខ្លួន បក្ខពួកជា ជនសង្ស័យ បានចំនួន ០១ នាក់ហេីយ កំពុងនាំខ្លួន មកកាន់ ស្នងការដ្ឋាន នគរបាល ខេត្តបាត់ដំបង ដេីម្បីធ្វេីការស្រាវជ្រាវបន្ត រីឯបក្ខពួកផ្សេងទៀត កំពុងស្វែងតាមចាប់ឃាត់ខ្លួន ជាបន្តទៀត ខណៈសមត្ថកិច្ចមានតម្រុយ កំពុងបន្តស្រាវជ្រាវ រកមុខសញ្ញា។
សូមបញ្ជាក់ថា, យ៉ាងហោចណាស់ក៏មានមនុស្សម្នាក់បានស្លាប់ ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យនិង០២នាក់ផ្សេងទៀតរងរបួសស្រាលនៅក្នុងហេតុការណ៍បាញ់ប្រហារជាង ១០គ្រាប់នៅកណ្តាលក្រុងបាត់ដំបង ក្រោយមានទំនាស់ពាក្យសម្តីរវាងក្រុមស្ទាវពីរក្រុម ចេញពីក្លឹបមកដូចគ្នា។
ប្រភពនៅកន្លែងកើតហេតុបានបង្ហើបឱ្យដឹងថា នៅវេលាម៉ោងជាង០៣ទាបភ្លឺ ឈានចូលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចផ្លូវលេខ១ ក្បែរវេទិកាអុំទូក ទល់មុខធនាគារ ប្រេដ ប៊ែង (ខេមបូឌា) ភីអិលស៊ី សាខាខេត្តបាត់ដំបង ស្ថិតនៅក្នុងភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង មានករណីឈ្លោះប្រកែកគ្នារវាងក្រុមស្ទាវពីរក្រុមដែលភាគីម្ខាងមានឡាន មានកាំភ្លើងបានបាញ់ប្រហារទៅលើភាគីម្ខាងទៀតជាង១០គ្រាប់បណ្តាលអោយយុវជន០៣នាក់ជិះម៉ូតូ មកអង្គុយនៅលើកៅអីបង់មាត់ស្ទឹងសង្កែ រងរបួសធ្ងន់ស្រាល ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីពេទ្យបង្អែកខេត្តបាត់ដំបង(ពេទ្យធំ) ហើយក្រោយមកក្នុងចំណោមយុវជន០៣នាក់ក្នុងមានម្នាក់បានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យផងដែរ។
ប្រភពដដែលបានបន្តថា ក្រោយមានការបាញ់ប្រហាររួចមក ក្រុមជនដៃដល់បានជិះរថយន្តគេចខ្លួនបាត់ស្រមោលអស់ បន្ទាប់មកសមត្ថកិច្ចក្នុងមូលដ្ឋានបានចុះមកប្រមូលវត្ថុតាងនិងដាក់កម្លាំងស្រាវជ្រាវស្វែងរកក្រុមជនដៃដល់ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់។
ទើបនៅរសៀលនេះ សមត្ថកិច្ចនគរបាលខេត្តបាត់ដំបង សហការជាសមត្ថកិច្ចនគរបាលខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យបានម្នាក់ និងបន្តនីតិវិធីតាមជំនាញ ស្វែងរកជនពាក់ព័ន្ធ ៕
ដោយ : សហការី