ខេត្តកំពង់ធំ ៖ នៅថ្ងៃទី ៨ ខែធ្នូ ឆ្នាំ២០២២នេះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា និងសហការី រួមជាមួយគណៈកិត្តិយស គណៈកម្មាធិការ មន្ត្រីប្រតិបត្តិ អ្នកស្ម័គ្រចិត្ត និងយុវជននៃសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ បានអញ្ជើញចុះសួរសុខទុក្ខ និងចែកអំណោយមនុស្សធម៌ជូនដល់ចាស់ឥតទីពឹង និងស្ត្រីមេម៉ាយ ចំនួន ៤២គ្រួសារ រស់នៅឃុំកំពង់ស្វាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ក្នុងឱកាសជួបសំណេះសំណាលជាមួយលោកយាយលោកតា និងបងប្អូនប្រជាពលរដ្ឋទាំងអស់ លោកស្រី អគ្គលេខាធិការរងទី១ បានគូសបញ្ជាក់ពីបេសកកម្មមនុស្សធម៌របស់កាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន គឺជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ ជួយសម្រាលទុក្ខលំបាករបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ លោកស្រី បានអំពាវនាវដល់ក្រុមគ្រួសារទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់ពីការថែទាំសុខភាព ត្រូវរស់នៅក្នុងបរិស្ថានល្អ មានអនាម័យ ហើយខិតខំប្រកបរបរចិញ្ចឹមជីវិត បង្កបង្កើនផលដើម្បីជីវភាពគ្រួសារ។ ទន្ទឹមនឹងនេះ គ្រួសារនីមួយៗគឺជាកោសិកាយ៉ាងសំខាន់របស់សង្គម ដែលបានសិទ្ធិពេញលេញក្នុងការចូលរួមចំណែកថែរក្សាការពារសុខសន្តិភាព ស្ថិរភាព ដែលនាំឱ្យដល់ការអភិវឌ្ឍរបស់ប្រទេសជាតិយើង។
សូមបញ្ជាក់ថា អំណោយសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ ផ្តល់ជូនគ្រួសារនីមួយៗរួមមាន ៖ អង្ករ ២៥គីឡូក្រាម, មី ១កេស, ត្រីខ ១០កំប៉ុង, ទឹកត្រី ១យួរ, ទឹកស៊ីអ៊ីវ ១យួរ, ឃីត (មុង ភួយ សារុង ក្រមា) ១កញ្ចប់ និងថវិកាមួយចំនួន៕
ដោយ : សហការី