ភ្នំពេញ៖ បេីតាមការបញ្ជាក់ពីលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន នៅព្រឹកថ្ងៃសុក្រទី០៩ ខែធ្នូ ឆ្នាំ២០២២នេះ បានថ្លែងនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួនថា៖ «ខ្លាធំ ឬខ្លាដំបង»ជាប្រភេទសត្វដែលទទួលរងគ្រោះថ្នាក់បំផុត ដោយការបរបាញ់ ដើម្បីយកឆ្អឹង ស្បែក ធ្វើពាណិជ្ជកម្ម ហើយវាក៏ត្រូវបានចុះក្នុងបញ្ជី ក្រហមអង្គការ IUCN ថាជាប្រភេទរងគ្រោះថ្នាក់ជិតផុតពូជ។ គិតចាប់ពីឆ្នាំ២០០៧មក គឺមានរយៈជាង១៥ឆ្នាំហើយ ដែលអ្នកវិទ្យាសាស្ត្រ រួមទាំងមន្ត្រីជំនាញផ្សេងៗទៀត មិនបានប្រទះឃើញវត្តមានរបស់សត្វខ្លាធំនៅក្នុងព្រៃធម្មជាតិរបស់កម្ពុជា។ រូបភាពសត្វខ្លាធំ ដែលថតបានចុងក្រោយ គឺនៅឆ្នាំ២០០៧ នៅតំបន់ទេសភាពខ្ពង់រាបភាគខាងកើតនៃប្រទេសកម្ពុជា ចាប់តាំងពីពេលនោះមកមិនមានភស្តុតាងណាមួយបង្ហាញថា មានសត្វខ្លាធំនៅក្នុងប្រទេសកម្ពុជាទៀតទេ ទោះជាមានកិច្ចខិតខំប្រឹងប្រែងស្វែងរកវាតែមិនឃើញដានទាល់តែសោះ។
លោក នេត្រ ភក្ត្រា បានបញ្ជាក់បន្ថែមថា កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន១៣ ដែលមានសត្វខ្លាធំ ហើយរាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តបង្កើនទ្វេដងចំនួនសត្វខ្លាធំ ទូទាំងពិភពលោកដោយបានអនុម័តលើផែនការសកម្មភាពសង្គ្រោះសត្វខ្លាធំនៅកម្ពុជា ដែលផ្តោតលើការនាំយកសត្វខ្លាធំ ចូលទៅក្នុងតំបន់វាលទំនាបភាគខាងកើត នៃប្រទេសកម្ពុជា។ សត្វខ្លាធំជាសត្វដ៏អស្ចារ្យ និងមានភាពទាក់ទាញ ហើយវាត្រូវបានចាត់ទុកជាសម្បត្តិបេតិកភណ្ឌជាតិ។
«ខ្លាធំ ឬខ្លាដំបង»នេះ អាចមានអាយុរហូតដល់ ២៥ឆ្នាំក្នុងធម្មជាតិ។ «ខ្លាធំ» អាចរស់នៅក្នុងជម្រកគ្រប់ប្រភេទ ដែលមានទឹក ចំណី និងម្លប់គ្រប់គ្រាន់ ព្រោះវាជាសត្វចាញ់កម្តៅថ្ងៃ។ នៅពេលថ្ងៃក្តៅខ្លាំង «ខ្លាធំ» ចំណាយពេលច្រើនម៉ោង ដើម្បីដេកត្រាំទឹក ហើយវាមានភាពស្ទាត់ជំនាញ ក្នុងការហែលទឹក។ «ខ្លាធំ» អាចចាប់ចំណីបាន ចាប់ពីសត្វតូចរហូត ដល់សត្វធំ ក្នុងនោះ មានប្រភេទសត្វធំៗដូចជា ប្រើស,ទន្សោង,ខ្ទីង។ ចំពោះការបន្តពូជ «ខ្លាធំ» អាចបង្កាត់ពូជបានគ្រប់រដូវ ហើយខ្លាញីអាចបង្កើតកូនបានម្ដងពី១-៧ក្បាល បន្ទាប់ពីពពោះអស់រយៈ ពេលប្រហែល ១០០ថ្ងៃ។ ខ្លាប្រភេទនេះ ចូលចិត្តដើរ តាមដងផ្លូវដែលទើបតែឈូសឆាយរួច ឬផ្លូវប្រលោះក្នុងព្រៃជាដើម។ «ខ្លាធំ» វាមានសម្បុរក្រហម លឿង ឬត្នោតខ្ចី និងមានឆ្នូតបង្កង់ពណ៌ក្រម៉ៅកាត់ទទឹងដងខ្លួន ហើយនៅផ្នែក ខាងក្រោមចង្កា និងបំពង់កមានពណ៌ស ចំណែកឯកន្ទុយរបស់វាមានសម្បុរខ្មៅជាកង់ៗ និងខ្មៅផ្នែកខាងចុង។ ខ្លាធំជាប្រ ភេទសត្វ ដែលមានមាឌធំជាងគេបំផុតក្នុងចំណោមអំបូរឆ្មា និងងាយស្រួលចំណាំផងដែរ។
ផ្នែកលើកត្តាសុខសន្តិភាព និងស្ថេរភាពនយោបាយ កំណើនសេដ្ឋកិច្ច ការផ្លាស់ប្តូរផ្នែកសេដ្ឋកិច្ច សង្គម និងវប្បធម៌របស់ប្រជាជនកម្ពុជា ទើបកម្ពុជាមានឱកាសយកត្រឡប់មកវិញនូវប្រភេទសត្វកម្រនៅលើទឹកដីកម្ពុជាជាពិសេសប្រភេទសត្វខ្លាធំ។ ថ្មីៗនេះ អនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងការអភិរក្សជីវៈចម្រុះ ការគ្រប់គ្រងសត្វព្រៃដោយនិរន្តរភាព និងយុទ្ធសាស្រ្ត ស្តារសត្វខ្លាធំ និងទីជម្រករបស់វារវាងក្រសួងបរិស្ថានកម្ពុជាតំណាងដោយឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង បរិស្ថាន និងក្រសួងបរិស្ថានព្រៃឈើ និងប្រែប្រួលអាកាសធាតុឥណ្ឌាតំណាងដោយេឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំព្រះរាជាណាចក្រកម្ពុជា ត្រូវបានចុះហត្ថលេខានៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងឯកឧត្តមអនុប្រធានាធិបតីឥណ្ឌា Jagdeep Dhankha នៅរាជធានីភ្នំពេញ។
កម្ពុជាបានចូលរួមចិត្តក្នុងវេទិកាអន្តរជាតិ កាលពីឆ្នាំ២០១០ ស្តីពីការអភិរក្ស និងបង្កើនចំនួនសត្វខ្លាធំនៅក្នុងព្រៃឱ្យបានចំនួនទ្វេដងនៅឆ្នាំ២០២២ និងបានរៀបចំផែនការសកម្មភាពរបស់ខ្លួនស្ដីពីសត្វខ្លាធំ (ឆ្នាំ២០១៥-២០២៤)។ រាជរដ្ឋាភិបាលកម្ពុជាគាំទ្រកម្មវិធីស្តារសត្វខ្លាធំ ហើយការគាំទ្រផ្នែកនយោបាយលើកម្មវិធីនេះបានធ្វើឱ្យកម្ពុជាជាប្រទេសទីមួយនៅតំបន់អាស៊ានធ្វើការនាំយកសត្វខ្លាធំចូលព្រៃធម្មជាតិវិញ។ បណ្តាប្រទេសនៅលើពិភពលោកដែលមានសត្វខ្លាធំ ជាពិសេសប្រទេសឥណ្ឌា ជាប្រទេសមានចំនួនសត្វខ្លាធំច្រើនជាងគបំផុតបានគាំទ្រកម្ពុជាក្នុងការអនុវត្តកម្មវិធីស្តារសត្វខ្លាធំឡើងវិញ។ អនុស្សារណៈនៃការយោគយល់រវាងក្រសួងបរិស្ថាននៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងបរិស្ថាន ព្រៃឈើ និងប្រែប្រួល អាកាសធាតុនៃសាធារណរដ្ឋឥណ្ឌា ស្ដីពីកិច្ចសហប្រតិបត្តិការក្នុងការអភិរក្សជីវៈចម្រុះ ការគ្រប់គ្រងសត្វព្រៃដោយនិរន្តរភាព និងយុទ្ធសាស្ត្រស្តារសត្វខ្លាធំ និងទីជម្រករបស់វា ដែលអនុវត្តជំហានដំបូងនៅតំបន់ជួរភ្នំក្រវាញ និងបន្ទាប់មកអនុវត្តនៅតំបន់អភិរក្សកែវសីម៉ា។
ការចុះអនុស្សរណៈនៃការយោគយល់នេះ គឺជាទំព័រប្រវត្តិសាស្ត្រថ្មីមួយនៃការបង្កើនទំនាក់ទំនង និងចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា-ឥណ្ឌា ជាពិសេសរវាងក្រសួងបរិស្ថាន នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងបរិស្ថាន ព្រៃឈើ និងប្រែប្រួលអាកាសធាតុនៃសាធារណរដ្ឋឥណ្ឌា ក្នុងវិស័យបរិស្ថាន និងអភិរក្សធនធានធម្មជាតិ។ អនុស្សរណៈនៃការយោគយល់នេះ នឹងផ្តល់អត្ថប្រយោជន៍ដល់ប្រទេសទាំងពីរទៅលើបញ្ហាដូចខាងក្រោម៖ ក) ជំរុញការអភិរក្សជីវៈចម្រុះដោយផ្តោតលើការអភិរក្ស និងស្តារសត្វខ្លាធំនៅប្រទេសកម្ពុជា ជាពិសេសនៅតំបន់ទេសភាពសំខាន់ៗ រួមមានជួរភ្នំក្រវាញ និងខ្ពង់រាបភាគខាងកើតកុំឱ្យផុតពូជពីកម្ពុជា។ ខ) ផ្តល់ពូជសត្វខ្លាធំពីប្រទេសឥណ្ឌា និងជំរុញកិច្ចសហប្រតិបត្តិការការពារសត្វខ្លាធំឱ្យរស់នៅក្នុងព្រៃធម្មជាតិបានជោគជ័យ។ ចែករំលែក និងផ្លាស់ប្តូរជំនាញ និងសមត្ថភាពក្នុងគោលដៅជំរុញការអភិរក្សសត្វខ្លាធំនៅក្នុងប្រទេសទាំងពីរ។ គ) ជំរុញការអភិរក្សសត្វព្រៃដោយចែករំលែកបទពិសោធន៍ល្អៗ នៃការអនុវត្តបច្ចេកវិទ្យា ការរកចំណូលចិញ្ចឹមជីវិតសម្រាប់សហគមន៍ រស់នៅក្នុងដែនជម្រកសត្វព្រៃ និងការគ្រប់គ្រងជីវៈចម្រុះប្រកបដោយនិរន្តរភាព។ ប្រទេសទាំងពីរនឹងគាំទ្រឱ្យមានការវិវឌ្ឍន៍ទៅមុខ នៅក្នុងក្របខណ្ឌ នៃកិច្ចសហប្រតិបត្តិការនេះ និងគោរពទស្សន:គា្នទៅវិញទៅមក។
ក្នុងពេលដែលកម្ពុជាទទួលបានសុខសន្តិភាព ឯកភាពជាតិ ស្ថេរភាពនយោបាយ និងក្នុងដំណើរនៃកំណើនសេដ្ឋកិច្ចជាតិ និងការអភិវឌ្ឍជាតិរាជរដ្ឋាភិបាលកម្ពុជាបានគាំទ្រគោលការណ៍ស្តារសត្វខ្លាធំ និងផែនការសកម្មភាពចំនួន ៨ចំណុចសម្រាប់ស្តារសត្វខ្លាធំនៅតំបន់ជួរភ្នំក្រវាញជាអាទិភាពរួមមាន÷ ១)ជំរុញការអនុវត្តគម្រោងរេដបូកនៅតំបន់ជួរភ្នំក្រវាញ។ ២)ដោះស្រាយបញ្ហា នៃការដាក់អន្ទាក់សត្វព្រៃតាមរយៈយុទ្ធនាការផ្សព្វផ្សាយដើម្បីលើកកម្ពស់ការចូលរួម និងការយល់ដឹងរបស់សាធារណជន។ ៣)ជំរុញការស្ដារសត្វរំពាររបស់សត្វខ្លា។ ៤)ជំរុញកិច្ចសហការជាមួយបណ្ដាប្រទេសដែលមានសត្វខ្លាធំ ជាពិសេសប្រទេសឥណ្ឌាក្នុងការអនុវត្តកម្មវិធីស្ដារសត្វខ្លាធំនៅកម្ពុជាឲ្យបានជោគជ័យ។ ៥)រក្សាការពារតំបន់ការពារធម្មជាតិជាអាទិភាពដើម្បីកម្មវិធីស្ដារសត្វខ្លាធំនៅកម្ពុជា។ ៦)ពង្រឹងសមត្ថភាពរបស់មន្ត្រីអនុវត្តច្បាប់និងមន្ត្រីឧទ្យានុរក្ស។ ៧)ជំរុញកិច្ចសហការជាមួយនឹងបណ្ដាប្រទេសជិតខាងនៅក្នុងការអនុវត្តកម្មវិធីស្ដារសត្វខ្លះធំនៅកម្ពុជា និង៨)ជំរុញកម្មវិធីតាមដានត្រួតពិនិត្យសត្វខ្លានិងសត្វរំពាររបស់សត្វខ្លាដោយប្រើប្រាស់នូវស្ថិតិនិងបច្ចេកវិទ្យាថ្មីៗ៕ដោយ៖សហការី
រូបថតអង្គការ WA និង WWF