ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងនគរបាលខេត្តបន្ទាយមានជ័យឃាត់ខ្លួនជនសង្ស័យ២នាក់បន្ថែមទៀតបន្ទាប់បាញ់រះសម្លាប់មនុស្សនៅខេត្តបាត់ដំបង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ កម្លាំងនគរបាលខេត្តបន្ទាយមានជ័យឃាត់ខ្លួនជនសង្ស័យ២នាក់បន្ថែមទៀតបន្ទាប់បាញ់រះសម្លាប់មនុស្សនៅខេត្តបាត់ដំបង រត់គេចខ្លួនមកជាយដែនកម្ពុជា-ថៃ នៅរសៀលថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២នេះ ។

 នគរបាលក្រុងប៉ោយប៉ែតប្រាប់ថា ដោយមានបទបញ្ជាពី លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និង លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបង បានសហការគ្នាដឹកនាំកម្លាំងនគរបាលបើកការស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ នៅក្រុងប៉ោយប៉ែតពាក់ព័ន្ធករណីបាញ់សម្លាប់មនុស្សមួយក្រុមនៅមាត់ស្ទឹងសង្កែក្រុងបាត់ដំបង កាលពីម៉ោង៤ទាបភ្លឺឈានចូលថ្ងៃទី៨ ខែធ្នូ ២០២២ ។

លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរង ផែនការងារព្រហ្មទណ្ឌ ក្រោយទទួលបាន បទបញ្ជាពីលោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ និង លោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោកបានដឹកនាំកម្លាំងផែនព្រហ្មទណ្ឌ សហការជាមួយ កម្លាំងអធិការនគរបាលក្រុងប៉ោយប៉ែត បើកការស្រាវជ្រាវនិងឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ ដែលជាមុខសញ្ញារត់គេចខ្លួនមកពីខេត្តបាត់ដំបងពាក់ព័ន្ធករណីរឿងឃាតកម្មនៅមាត់ស្ទឹងសង្កែ។

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថាជនសង្ស័យចំនួន ០២នាក់ ១-ឈ្មោះ ហូ គឹមហៀង ហៅចយ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ និង ២-ឈ្មោះ កែវ បញ្ញា ភេទប្រុស អាយុ២៨ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត យកមកសួរនាំនៅអធិការដ្ឋាននគរបាលក្រុង។ ក្រោយសួរនាំជនសង្ស័យទាំង២នាក់ ត្រូវបានប្រគល់ជូនទៅខាងនគរបាលខេត្តបាត់ដំបងមកទទួលយកទៅចាត់ការបន្តតាមនីតិវិធី។

គួរបញ្ជាក់ថា កាលពីវេ​លា​​ម៉ោង៤និង០០នាទីទៀបភ្លឺឈានចូលថ្ងៃ​ទី​០៨ ខែធ្នូ ឆ្នាំ២០​២២ នៅចំណុចសួន​ច្បារមាត់ស្ទឹងសង្កែ ត្រើយខាងលិចទល់មុខធនាគារFTB ស្ថិតនៅភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់​ដំ​បង មានជនសង្ស័យមួយក្រុមបានបើករថយន្តមកដល់ចំណុចខាងលើ រួចបានយកកាំភ្លើងខ្លីបាញ់រះ លើយុវជនមួយក្រុមដែលកំពុងអង្គុយលេងជួបជុំគ្នា បណ្តាលឲ្យរងរបួសធ្ងន់ស្រាលចំនួន០៣នាក់ ដែលជំហ៊ានដំបូងត្រូវបានគេសន្និដ្ឋានថាជារឿងគំនុំ ភ្លាមៗនោះជនសង្ស័យបាននាំគ្នាជិះរថយន្តគេចខ្លួនបាត់ស្រមោល។ ក្នុងហេតុការណ៍នោះជនរងគ្រោះ១នាក់ក្នុងចំណោម៣នាក់ បានស្លាប់បាត់បង់ជីវិតពេលគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ៕

ដោយ ៖ វណ្ណា


ចែករំលែក៖