ព័ត៌មានទាន់ហេតុការណ៍៖

សំរាមនៅតាមផ្លូវបេតុងនិងផ្លូវលំគំនរដូចដំបូកពលរដ្ឋថាក្រុមហ៊ុនស៊ិនទ្រីប្រមូលមានការយឺតយ៉ាវ

ចែករំលែក៖

ក្រុងប៉ោយប៉ែត ៖ ពលរដ្ឋធ្វើដំណើរតាមផ្លូវលំនិងផ្លូវបេតុងមួយចំនួនតាមបណ្ដាភូមិក្នុងក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យមានការត្អួញត្អែរខណៈសំរាមកន្លែងខ្លះគដូចដំបូករួមទាំងជះក្លិនស្អុយអសោចពិបាកដកដង្ហើម ទំរាំជិះឆ្លងកាត់ផុត។

ពួកគាត់បញ្ជាក់ថាសំរាមដែលគេយកមកបោះចោលនៅតាមបណ្ដាផ្លូវលំនិងផ្លូវបេតុងខាងលើនោះគីបណ្ដាលមកពីក្រុមហ៊ុនស៊ិនទ្រីដែលប្រមូលសំរាមផ្ដាច់មុខនៅក្រុងប៉ោយប៉ែតចូលទៅយកមិនដល់ ម្យ៉ាងទៀតនោះគឺការប្រមូលសំរាមមានការយឺតយ៉ាវធ្វើឲ្យសំណល់ដែលដាក់គនៅមុខផ្ទះជះក្លិនស្អុយរលួយ ម្យ៉ាងទៀត ឲ្យប្រាក់ទៅក្រុមហ៊ុនហើយក៏មិនឃើញមកប្រមូលយកតាមលំនៅឋានរបស់ពួកគាត់ ទើបពួកគាត់សម្រេចដឹកយកមកបោះចោលនៅតាមផ្លូវបេតុងនិងផ្លូវលំតែម្ដង។

 ពួកគាត់បន្ថែមថា ម្យ៉ាងទៀតគេមិនដែលឃើញមន្ត្រីជំនាញបរិស្ថានក្រុងណាម្នាក់ចុះធ្វើការអប់រំបញ្ហាសុខភាពប៉ះពាល់ពីសំរាមនៅតាមបណ្ដាភូមិរបស់ពួកគាត់នោះឡើយ ក្នុងមួយឆ្នាំៗ ជាហេតុធ្វើឲ្យពួកគាត់ខ្វះការយល់ដឹងពីបញ្ហាសុខភាពប៉ះពាល់ទៅនិងបរិស្ថាន ជាមួយគ្នានេះអាជ្ញាធរក្នុងមូលដ្ឋានក៏លើកឡើងស្រដៀងនិងពួកគាត់ដែរដោយពោលថាពិបាកធ្វើការជាមួយបើទោះប្រាប់ច្រើនដងក៏មិនឃើញមកយកដែររួមកត្តាជាច្រើនទៀតដែលពួកគាត់បានជួបប្រទះ។

 បញ្ហាខាងលើនេះអាជ្ញាធរមូលដ្ឋានបានប្រាប់កន្លងមកថាៈលោកបានធ្វើការហាមឃាត់អ្នកអូសរទេះស៊ីឈ្នួលដឹកសំរាមមកចោលតាមទីសាធារណៈដើម្បីកាត់បន្ថយនិងឈានដល់ការគ្រប់គ្រងសំរាមដែរ តែមានអ្នកគំរាមកំហែងពួកគាត់រហូតដល់ទៅផ្កាយជាហេតុធ្វើឲ្យពួកគាត់ជាអាជ្ញាធរគ្មានកំលាំងចិត្តនិងធ្វើការ ប៉ុន្តែរឿងបញ្ហាក្រុមមកយកសំរាមយឺតយ៉ាវលោកបានធ្វើរបាយការណ៍ជូនគណៈបញ្ជាការឯកភាពក្រុងរួចរាល់ហើយ។

 ចំណែកអ្នកគ្របគ្រង់ផ្នែកអនាម័យក្រុងពេលជួបអ្នកសារព័ត៌មានបានបកស្រាយថាលោកចាំពន្លឿនឲ្យកម្មករស្រូតយកឲ្យបានលឿន។

 ទោះយ៉ាងណាបញ្ហាសំរាមនៅតាមទីសាធារណៈពីមួយថ្ងៃទៅមួយថ្ងៃមានការកើនឡើងដោយសារការយឺតយ៉ាវក្នុងការប្រមូលតាមលំនៅដ្ឋានធ្វើឲ្យពលរដ្ឋសម្រុកមកចាក់ចោលតាមផ្លូវបេតុងនិងផ្លូវលំបង្ករផលប៉ះពាលដល់សុខភាពសាធារណៈជារៀងរាល់ថ្ងៃ ៕

IMG_7740 IMG_7741

ដោយ ៖ វណ្ណា


ចែករំលែក៖