ខេត្តបាត់ដំបង ៖ កម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ នៃស្នងការនគរបាលខេត្តបាត់ដំបង បានឃាត់ខ្លួនឪពុកចុងចិត្តអប្រិយ ចាប់រំលោភកូនស្រីអាយុ០៧ឆ្នាំបានសម្រេចជាច្រើនលើក បន្ទាប់ពីបែកធ្លាយរឿងដល់ម្ដាយមីងក្មេងស្រីរងគ្រោះប្ដឹងទៅសមត្ថកិច្ច។
យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃសុក្រទី០៩ ខែធ្នូ ឆ្នាំ២០២២នេះ បានឱ្យដឹងថា កម្លាំងជំនាញ បន្ទាប់ពីបានទទួលបណ្តឹងពីស្ត្រីឈ្មោះ អ៊ុក ម៉ឺន ភេទស្រី អាយុ៣០ឆ្នាំ រស់នៅភូមិបាក់ព្រា ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង កាលពីរសៀលថ្ងៃទី០៨ ខែធ្នូម្សិលមិញនេះថា៖ មានករណីចាប់រំលោភអនីតិជនអាយុក្រោម ១៥ឆ្នាំ ជាក្មួយស្រីរបស់គាត់។ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកស្រីឧត្តមសេនីយ៍ត្រី រស់ ជីវី ស្នងការរងទទួលការងារប្រឆាំងការជួញដូរនិងការពារអនីតិជន និងមានការសម្របសម្រួលនិតីវិធីពីឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឡុង យោធាវីរ: អធិការនគរបាលស្រុក ឯកភ្នំ ដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកឯកភ្នំ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួនម្នាក់ឈ្មោះ ធ្លក សារុន ភេទប្រុស អាយុ ៦១ឆ្នាំ រស់នៅភូមិបាក់ព្រា ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង ពីបទចាប់រំលោភអនីតិជនអាយុក្រោយ១៥ឆ្នាំ។
សមត្ថកិច្ចបានបន្តថា៖ ក្រោយពេលឃាត់ខ្លួនជនល្មោភកាមខាងលេីនេះ យកមកសាកសួររូបគេបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពបានរំលោភទៅលើកុមារីរងគ្រោះឈ្មោះ ខ.ច.ឌ ភេទស្រី អាយុ០៧ឆ្នាំ បានសំរេចបានជាច្រើនលើកពិតប្រាកដមែន។ តាមបំភ្លឺជនរងគ្រោះឈ្មោះ ខ.ច.ឌ បាននិយាយប្រាប់ថា ឪពុកចុងបានចាប់ខ្លួនជាច្រើនលើកច្រើនសារ តែខ្លួនមិនចាំពេលវេលាទេ ដោយរងនឹងការឈឺចាប់មិនបាន ទើបខ្លួននិយាយប្រាប់យាយនិងម្តាយមីង។
បច្ចុប្បន្ន កម្លាំងនគរបាលស្រុកឯកភ្នំកំពុងកសាងសំណុំរឿង បញ្ចូនមកការិយាល័យជំនាញខេត្ត ដើម្បីចាត់បន្តតាមនីតិវិធី-ច្បាប់៕
ដោយ៖សហការី