ព័ត៌មានទាន់ហេតុការណ៍៖

ពិធីប្រគល់ស៊ីម៉ងត៍១០តោនដល់សាលាបឋមសិក្សាត្បែងរាំដែលកំពុងសាងសង់អគារសិក្សាថ្មី ដោយបានសំណេះសំណាលជាមួយប្រជាពលរដ្ឋនិងបើកវេទិកាសាធារណ:ចំនួន៤ភូមិក្នុងឃុំសំបួរ ស្រុករមាសហែក

ចែករំលែក៖

ខេត្តស្វាយរៀង ៖ លោកស៊ូ ម៉ុល អភិបាលស្រុកនិងលោកអុីន សាប៊ន ប្រធានក្រុមប្រឹក្សាស្រុករមាសហែកបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីប្រគល់ស៊ីម៉ងត៍១០តោនដល់សាលាបឋមសិក្សាត្បែងរាំនិងសំណេះសំណាលជាមួយប្រជាពលរដ្ឋ ព្រមទាំងបើកវេទិកាសាធារណ:ចំនួន៤ភូមិមានភូមិអណ្ដូងខ្មត់ ភូមិព្រិច ភូមិព្រែកត្នោតនិងភូមិសំបួរ ស្ថិតនៅក្នុងឃុំសំបួរ ស្រុករមាសហែក នាព្រឹកថ្ងៃទី៩ខែធ្នូឆ្នាំ២០២២។

    ក្នុងឱកាសនោះក៏មានការចូលរួមពីសំណាក់លោកនាយករដ្ឋបាលស្រុក លោកនាយក នាយករងសាលាបឋមសិក្សាត្បែងរាំ លោកគ្រូអ្នកគ្រូ បងប្អូនប្រជាពលរដ្ឋចំនួន១៣៥នាក់។

   លោកស៊ូ ម៉ុល អភិបាលស្រុករមាសហែកបានថ្លែងអំណរគុណដល់លោកមាស អ៊ែល ដែលបានឧបត្ថមស៊ីម៉ងត៍ ព្រមទាំងសប្បុរសជនទាំងអស់ដែលបានចំណាយថវិកាផ្ទាល់ខ្លួនទោះតិចក្ដីច្រើនក្ដីដើម្បីរួមចំណែកលើកស្ទួយវិស័យអប់រំក្នុងឃុំសំបួរសម្រាប់កសាងអគារសិក្សាថ្មីមួយខ្នងមាន៥បន្ទប់ដែលកំពុងសាងសង់នាពេលនេះផងដែរ។

   លោកអភិបាលស្រុកបានបន្ថែមថា នៅគ្រប់កាលៈទេសៈទាំងអស់ រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា ជានិច្ចកាលសម្ដេចតែងតែគិតគូរដល់សុខទុក្ខ ការលំបាករបស់ប្រជាពលរដ្ឋ ពិសេសក្នុងដំណាក់កាលដែលបងប្អូនទាំងអស់កំពុងជួបការលំបាកក្នុងសេដ្ឋកិច្ចគ្រួសារ ដោយសារវិបត្តិកូវីដ-១៩ សម្តេច តែងបានឧបត្ថម្ភគ្រប់បែបយ៉ាង រហូតមកដល់បច្ចុប្បន្ននេះ។ ដោយសារយុទ្ធសាស្ត្រស្រោចវ៉ាក់សាំងរបស់សម្តេចតេជោ ទទួលបានជោគជ័យទើបធ្វើឱ្យយើងអាចបើកដំណើរការប្រទេសជាតិឡើងវិញលើគ្រប់វិស័យ ហើយបងប្អូន ក៏អាចប្រកបរបររកទទួលទាន លើកកម្ពស់ជីវភាពគ្រួសារបានកាន់តែប្រសើរឡើងវិញ ។

   លោកអភិបាលស្រុករមាសហែកបាននាំយកការផ្ដាំផ្ញើសាកសួរសុខទុក្ខនិងនឹករលឹកពីសំណាក់លោក សៅ សុខា ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុករមាសហែក មិនតែប៉ុណ្ណោះ លោកបានគាំទ្រនិងឧបត្ថមជាថវិកានិងផ្ដល់អគារមន្ទីរពេទ្យបង្អែកស្រុកដ៏ថ្មីសន្លាង ក៏ដូចជាសមិទ្ធផលនានាជាច្រើនទៀតនៅទូទាំងស្រុករមាសហែកផងដែរ។

    លោក ស៊ូ ម៉ុល  បានជំរុញឱ្យអាជ្ញាធរគ្រប់លំដាប់ក្នុងស្រុករមាសហែកបន្តការខិតខំអនុវត្តន៍គោលនយោបាយភូមិឃុំ មានសុវត្ថិភាពទាំង៧ចំណុចជូនបងប្អូនប្រជាពលរដ្ឋឱ្យមានប្រសិទ្ធភាពនិងជំរុញដល់បងប្អូនប្រជាពលរដ្ឋដែលមានអត្តសញ្ញាណប័ណ្ណរបស់ខ្លួនហួស សុពលភាពសូមអញ្ជើញមកធ្វើថ្មីនិងពុកម៉ែបងប្អូនចាស់ក្មេងនាំគ្នាមកចាក់វ៉ាក់សាំងទាំងដូសមូលដ្ឋាននិងដូសជំរុញឱ្យបានគ្រប់ៗគ្នា៕

ដោយ៖ សុថាន


ចែករំលែក៖