ខេត្តព្រះសីហនុ ៖ ឆ្លៀតក្នុងឱកាសចូលរួមពិធីបុណ្យសមុទ្រលើកទី៩ ជុំទី៣ ឆ្នាំ២០២២ នេះ លោក ប៉ាន សូរស័ក្កិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម អមដំណើរដោយ លោករដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោករដ្ឋលេខាធិការ លោកអគ្គនាយក និងមន្រ្តីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត បានអញ្ជើញចុះទៅពិនិត្យស្តង់លក់ម្ហូបអាហារ ភេសជ្ជៈ និងគ្រឿងឧបភោគបរិភោគមួយចំនួនក្នុងពិធីតាំងពិព័រណ៍ផលិតផល កាលពីរសៀលថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២២ម្សិលមិញនេះ នៅបរិវេណទីលានតេជោក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្នុងឱកាសនោះ លោករដ្ឋមន្រ្តី បានផ្ដល់មតិណែនាំដល់ពាណិជ្ជករ និងអាជីវករដែលបានចូលរួមតាំងពិព័រណ៍ផ្គត់ផ្គង់ម្ហូបអាហារ ភេសជ្ជៈ និងគ្រឿងឧបភោគបរិភោគទាំងអស់ ឱ្យរៀបចំទុកដាក់ម្ហូបអាហារឱ្យបានត្រឹមត្រូវ មានសុវត្តិភាព និងអនាម័យល្អ ដើម្បីបម្រើមហាជនដែលអញ្ជើញចូលរួមក្នុងពិធីបុណ្យសមុទ្រ ទទួលទានប្រកបដោយសុខសុវត្តិភាព និងអនាម័យ។
បន្ថែមពីនេះ លោករដ្ឋមន្រ្តី ក៏បានផ្តាំផ្ញើឱ្យពាណិជ្ជករទាំងអស់ ត្រូវយកចិត្តទុកដាក់ពង្រឹងគុណភាពម្ហូបអាហារឱ្យបានល្អ បូករួមទាំងការពង្រឹងសោភ័ណភាព និងការវិចខ្ចប់ផលិតផលឱ្យបានត្រឹមត្រូវ និងការផ្តល់សេវាល្អ ដើម្បីរួមចំណែកអភិវឌ្ឈន៍ផលិតផលជាម្ហូបអាហារខ្មែរ ឱ្យមានការចាប់អារម្មណ៏កាន់តែខ្លាំងក្លាពីសំណាក់ភ្ញៀវជាតិ និងអន្តរជាតិ ដែលជាកម្លាំងចលករ រួមចំណែកដល់ការជំរុញសកម្មភាពពាណិជ្ជកម្ម និងទាក់ទាញទេសចរណ៍មកកម្ពុជា កាន់តែច្រើនទ្បើងបន្ថែមទៀត។
ជាមួយគ្នានេះដែរ លោករដ្ឋមន្រ្តី និងមន្រ្តីជំនាញ ក៏បានយកសំណាកជាគំរូផលិតផលម្ហូបអាហារមួយចំនួនក្នុងពិធីតាំងពិព័រណ៍នេះ យកទៅធ្វើតេស្តក្នុងមន្ទីរពិសោធន៍រថយន្តចល័តរបស់អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) ដើម្បីស្វែងរកសារធាតុហាមឃាត់ក្នុងចំណីអាហារ ផងដែរ៕
ដោយ៖ស តារា