ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុនសែន ៖ គ្មានទេសចរណា ប្រថុយប្រថានគ្រោះថ្នាក់ធ្វើដំណើរទៅកាន់ ប្រទេសដែលមានសង្គ្រាមនោះទេ !

ចែករំលែក៖

ខេត្តព្រះសីហនុ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានលើកឡើងថា វត្តមានជាអចិន្ត្រៃយ៍នៃសន្តិភាពគឺជាចំណុចសំខាន់នៅក្នុងការទាក់ទាញទេសចរណ៍ ក៏ដូចជាការអភិវឌ្ឍន៍នៅតាមបណ្ដាប្រទេសជាតិនៅលើសកលលោក។ 

ថ្លែងក្នុងពិធីបើកមហាសន្និបាតលើកទី១៦ ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតនៅលើសកលលោក ព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ នៅក្នុងខេត្តព្រះសីហនុ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា កត្តាសន្តិភាពគឺជាចំណុចធំជាងគេក្នុងការរក្សានូវការអភិវឌ្ឍន៍ក៏ដូចជាការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រឲ្យមាននិរន្តរភាព ប្រសិទ្ធភាព និងការទទួលខុសត្រូវ។ 

សម្ដេចតេជោថា៖ «ត្រូវរក្សាវត្តមានជាអចិន្ត្រៃយ៍នៃសន្តិភាព ដែលជាចំណុចធំជាងគេក្នុងចំណោមចំណុចដែលទាក់ទងជាមួយការអភិវឌ្ឍន៍នៃបណ្ដាប្រជាជាតិនៅលើសកលលោក។ គ្មានទេសចរណាប្រថុយប្រថានគ្រោះថ្នាក់ធ្វើដំណើរទៅកាន់ប្រទេសដែលមានសង្គ្រាមនោះទេ»។ 

គួរដឹងផងដែរថា ពិធីបើកមហាសន្និបាតលើកទី១៦ ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតនៅលើសកលលោក គឺត្រូវប្រព្រឹត្តឡើងក្រោមប្រធានបទ «ឆ្នេរនៃសន្តិភាពឆ្នេរនៃក្ដីសង្ឃឹម»។ 

សម្ដេចតេជោបានលើកឡើងថា ប្រធានបទនេះគឺសមស្របជាមួយនឹងបរិបទកម្ពុជាដែលសន្តិភាពបានដើរតួយ៉ាងសំខាន់ដល់ការអភិវឌ្ឍប្រទេសបង្កើតជាក្ដីសង្ឃឹមយ៉ាងមុតមាំសម្រាប់ប្រជាជនទាំងមូល។ 

នាយករដ្ឋមន្ត្រីកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថាកម្ពុជាប្តេជ្ញារក្សាឲ្យបាននៅសមាជិកភាពក្នុងខ្លឹមហើយខេត្តតំបន់ឆ្នេរសមុទ្ររបស់កម្ពុជាទាំងបួនក៏ត្រូវរក្សាឲ្យបាននូវខ្សែក្រវ៉ាត់និងកិត្តិនាមជាសមាជិកក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតលើសកលលោក។ 

ថ្លែងក្នុងពិធីបើកសន្និបាតលើកទី១៦ ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតនៅលើសាកលលោក។ នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ នៅខេត្តព្រះសីហនុ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ខេត្តជាប់ឆ្នេរសមុទ្រទាំងបួនរបស់កម្ពុជាដែលរួមមាន ខេត្តព្រះសីហនុ ខេត្តកែប ខេត្តកំពត ខេត្តកោះកុង នឹងត្រូវកំណត់ជាខេត្តយុទ្ធសាស្ត្រក្នុងការអភិវឌ្ឍន៍ជាតំបន់ទេសចរណ៍។ 

បើតាមសម្ដេចតេជោខេត្តព្រះសីហនុ នឹងត្រូវប្រែក្លាយជាគោលដៅទេសចរណ៍សម្រាកលំហែ និងជាតំបន់សេដ្ឋកិច្ចពហុបំណង។ ខេត្តកែប ជាគោលដៅទីក្រុងទេសចរណ៍លំដាប់ខ្ពស់និងប្រណិត ខេត្តកំពត ជាគោលដៅទីក្រុងទេសចរណ៍ប្រតិកភណ្ឌវប្បធម៌និងកសិកទេសចរណ៍តំបន់ឆ្នេរ ខណៈខេត្តកោះកុង គឺជាគោលដៅអេកូទេសចរណ៍តំបន់ទេសចរណ៍លំដាប់ពិភពលោក។ 

ក្លឹបឆ្នេរសមុទ្រដែលស្អាតបំផុតនៅលើពិភពលោកបានជ្រើសរើសកម្ពុជាសម្រាប់ជាពិធីបើកមហាសន្និបាតលើកទី១៦ នៃកិច្ចប្រជុំរបស់ខ្លួននៅឆ្នាំ២០២២នេះ ស្របពេលដែលកម្ពុជាក៏កំពុងតែរៀបចំពិធីបុណ្យសមុទ្រដែលនឹងត្រូវបើកនៅល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២នេះផងដែរ៕ 

ដោយ ៖ សិលា


ចែករំលែក៖