ខេត្តស្វាយរៀង៖ បុរសម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនពាក់ព័ន្ធករណីហិង្សាដោយចេតនាព្រោះតែខឹងស្ត្រីរងគ្រោះជេរប្រទេចប្រពន្ធរបស់ខ្លួនខ្លាំងពេក។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង៥០នាទីរសៀលថ្ងៃទី០៩ខែធ្នូឆ្នាំ២០២២ នៅចំណុចភូមិទួលស្ពាន ឃុំច្រេស ស្រុកចន្រ្ទា ។
សមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាជនសង្ស័យមានឈ្មោះ ឃឹម ឈៀង អាយុ៣៨ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិទួលស្ពាន ឃុំច្រេស ស្រុកចន្រ្ទា ខេត្តស្វាយរៀង។
ចំណែកស្ត្រីរងគ្រោះមានឈ្មោះចិន ណាត់ អាយុ៦៧ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិទួលស្ពាន ឃុំច្រេស ស្រុកចន្ទ្រា រងរបួសចិញ្ចើមខាងស្ដាំប្រវែង៤សង់ទីម៉ែត្រ ។
ប្រភពបានបន្តថា ក្រោយពីមានសេចក្ដីរាយការណ៍ពាក់ព័ន្ធនឹងករណីហិង្សាភ្លាម សមត្ថកិច្ចជំនាញព្រហ្មទណ្ឌស្រុក និងកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលច្រេស បានទៅនាំខ្លួនជនសង្ស័យយកមកអធិការដ្ឋាននគរបាលស្រុកចន្រ្ទាដើម្បីសាកសួរ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឃឹម ឈៀង បានឆ្លើយសារភាពថា ខ្លួនពិតជាបានដោះខ្សែក្រវាត់ចេញពីខោរបស់ខ្លួនដែលកំពុងស្លៀកវាយទៅលើជនរងគ្រោះបណ្ដាលឱ្យមានរបួសស្នាមប្រាកដមែន ដោយសារតែខឹងស្ត្រីរូបនេះជេរស្ដីប្រពន្ធរបស់ខ្លួនមិនឈប់សោះ។
ក្រោយពីទទួលបានចម្លើយសារភាពហើយ សមត្ថកិច្ចបានសុំយោបល់លោកព្រះរាជអាជ្ញា ខាំ សុផារី អមសាលាដំបូងខេត្តស្វាយរៀងតាមរយៈលេខទូរស័ព្ទ ដើម្បីធ្វើកាឃាត់ខ្លួនជនសង្ស័យតែម្ដង។
បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកចន្រ្ទាដើម្បីចាត់ការតាមផ្លូវច្បាប់៕
ដោយ៖ សុថាន