ព័ត៌មានទាន់ហេតុការណ៍៖

ប្រជាពលរដ្ឋក្នុងសហគមន៍បរិច្ចាគថវិកាផ្ទាល់ខ្លួន រួមគ្នាសាងសង់សាលាមត្តេយ្យសម្រាប់កុមារ

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ ប្រជាពលរដ្ឋរស់នៅឃុំស្រែក្រសាំង ក្នុងស្រុកសៀមបូក ខេត្តស្ទឹងត្រែង រួមនឹងមាតាបិតាសិស្ស នាំគ្នាបរិច្ចាគ ថវិកាសាងសង់សាលាមត្តេយ្យមួយកន្លែងសម្រាប់កុមារ នៅក្នុងឃុំដើម្បីលើកស្ទួយវិស័យអប់រំ គាំទ្រដល់ការបណ្ដុះបណ្ដាលកូនតូចៗឲ្យមាន ចំណេះដឹងចាប់ពីវ័យកុមារភាពឡើងទៅ។

នៅឯសាលាមត្តេយ្យសិក្សាឃុំស្រែក្រសាំងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ លោកអ៊ាងសំអូន មេឃុំបានបញ្ជាក់ថា ៖ ការសាមគ្គីគ្នាជាធនធានពិតជាមានតម្លៃសម្រាប់នាំយកមកសាសងសង់សាលាមត្តេយ្យសិក្សាមួយនេះព្រោះបានទ្រង់វិស័យអប់រំឲ្យរីកចម្រើននៅក្នុងមូលដ្ឋាន និងមានទីតាំងមួយប្រកបដោយសុវត្ថិភាពសម្រាប់កុមារតូចៗមករៀនផងដែរ។

លោកមេឃុំបន្តថា សាលារៀននេះបានសាងសង់ឡើងទៅតាមស្តង់ដាធ្វើពីបេតុងប្រក់ដែកនិងសង្កសី នៅក្នុងបរិវេណសាលាបឋមសិក្សាស្រែក្រសាំង មានចម្ងាយពីភូមិតែជាង៣០០ម៉ែត្រតែប៉ុណ្ណោះ ហើយបងប្អូនប្រជាពលរដ្ឋនៅពេលបើកបវរសនកាល ត្រូវនាំកូនមកចុះឈ្មោះចូលរៀន ដើម្បីបណ្ដុះចំណេះដឹងដល់កូនចៅឱ្យបានល្អ។

លោកស្រីប៉ែនស៊ីណាអភិបាលរងស្រុក សៀមបូក បានគាំទ្រការរៀបចំសាងសង់សាលាមត្តេយ្យនេះឡើង ព្រោះវាជាគ្រឹះស្ថានសិក្សាមួយ ជំរុញឲ្យមានការរីកចម្រើន មក ដល់ទីជនបទ ហើយកូនចៅប្រជាពលរដ្ឋបានមករៀនមានសុវត្ថិភាព។ ហេតុដូច្នេះហើយគឺជាទំនុកចិត្តមួយដល់មាតាបិតាសសិស្ស នៅក្នុងការបញ្ជូនកូនគាត់ឲ្យមករៀនគឺគាត់មានភាពកក់ក្តៅ មករៀនមានសុខសុវត្ថិភាព។

លោកស្រី ពេញ សាវេន  តំណាងប្រជាពលរដ្ឋនៅឃុំស្រែក្រសាំងបានសំដែងការសាទរដល់អាជ្ញាធរស្រុក ឃុំ  បានផ្តួចផ្តើមគំនិតរៀបចំឲ្យមានសាលាមត្តេយ្យនៅក្នុងឃុំ ជិតផ្ទះ ព្រោះពេលបានកូនតូចមកសាលារៀនយើងរួចផុតពីក្តីបារម្ភ និងមានពេលវេលាសម្រាប់ធ្វើការងារផង។

សូមបញ្ចាក់ថា សាលាមត្តេយ្យសិក្សានេះមានចំនួន ២ បន្ទប់បណ្តោយ១៤ម៉ែត្រ ទទឹង៧ម៉ែត្រ បច្ចុប្បន្នសាងសង់សម្រាចបានលទ្ធផល៨៥%ហើយ។ ចំណាយថវិកាសាងសង់ប្រមាណជាង២ម៉ឺនដុល្លា បានមកពីការចូល រួមរបស់បងប្អូនប្រជាពលរដ្ឋក្នុងសហគមន៍ និងមានការជួយឧបត្ថម្ភគាំទ្រពីបងប្អូនសប្បុរសជននានា ដើម្បីធ្វើឲ្យគ្រឹះស្ថានសិក្សានេះ ឲ្យមានសុវត្ថិភាពសម្រាប់កុមារតូច៕

ដោយ៖ សូរិយា


ចែករំលែក៖