ខេត្តបាត់ដំបង ៖ បុរសម្នាក់ដោយសារតែមានជំងឺប្រចាំកាយ (ជំងឺស្កន់)បណ្ដាលឱ្យធ្លាក់ទឹកប្រឡាយលង់ស្លាប់យ៉ាងអាណោចអាធ័ម។ នេះបេីយោងតាមប្រភពព័ត៌មានពីរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឱ្យដឹងនៅព្រឹកថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២។
របាយការណ៍ដដែលបន្តថា ករណីលង់ទឹកស្លាប់ខាងលើនេះបានកេីតឡេីងកាលពីរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ នៅចំណុចក្រុមទី០៨ ភូមិទួលក្រសាំង ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង។
ជនរងគ្រោះឈ្មោះ ទួន គុយ ភេទប្រុស អាយុ៥៣ឆ្នាំ រស់នៅភូមិទួលក្រសាំង ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង។
ឆ្លងតាមការបំភ្លឺរបស់ឈ្មោះ នៅ ឌុល ភេទប្រុស អាយុ៦១ឆ្នាំ ត្រូវជាបងថ្លៃរបស់ជនរងគ្រោះឈ្មោះ ទួន គុយបានឱ្យដឹងថា ជនរងគ្រោះមានជំងឺប្រចាំកាយ (ស្កន់ជាន់) ទើបពេលជំងឺរើឡើងធ្លាក់ចូលប្រឡាយទឹកបណ្ដាលឱ្យលង់ស្លាប់តែម្តង ។ ក្រោយពីទទួលបានព័ត៌មាននេះ កម្លាំងនគរបាលផ្នែកជំនាញស្រុកសហការជាមួយលោកគ្រូពេទ្យជំនាញ បានចុះត្រួតពិនិត្យនិងវិភាគទីកន្លែងកើតហេតុលើជនគ្រោះឈ្មោះ ទួន គុយ ឃើញថាជនរងគ្រោះពិតជាលង់ទឹកប្រឡាយស្លាប់ប្រាកដមែន។
បច្ចុប្បន្ន សាកសពជនរងគ្រោះត្រូវបានប្រគល់ជូនទៅឲ្យក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖សហការី