សារព័ត៌មាន New York Post បានផ្សាយថា ក្រុមប្រឹក្សាទីក្រុង Kharkov (អ៊ុយក្រែន) ទើបតែបានបង្ហោះរូបភាពនៃដើមឈើណូអែលដែលដាក់នៅស្ថានីយរថភ្លើងក្រោមដីកណ្តាលទីក្រុង។ ខុសពីឆ្នាំមុន នៅឆ្នាំនេះប្រជាជននៅក្នុងទីក្រុងភាគខាងកើតអ៊ុយក្រែននឹងប្រារព្ធពិធីបុណ្យណូអែលនិងឆ្នាំថ្មីនៅក្រោមដី ដើម្បីជៀសវាងការវាយប្រហារដោយមីស៊ីលពីរុស្ស៊ី។
យោងតាមរដ្ឋាភិបាលទីក្រុង Kharkovបានបញ្ជាក់ថា ព្រឹត្តិការណ៍បុណ្យណូអែលនិងឆ្នាំថ្មី សម្រាប់ពលរដ្ឋនិងកុមារនៅទូទាំងទីក្រុង នឹងត្រូវធ្វើឡើងនៅស្ថានីយរថភ្លើងក្រោមដីរួមជាមួយនឹងការប្រគំតន្ត្រីតូចមួយផងដែរ។
កាលពីឆ្នាំមុន ដើមណូអែលរបស់ Kharkov ជាធម្មតាត្រូវបានគេដាក់នៅទីលាន Freedom Square ប៉ុន្តែដោយសារស្ថានភាពជម្លោះនាពេលបច្ចុប្បន្ន ព្រឹត្តិការណ៍ប្រារព្ធពិធីត្រូវបានបង្ខំឱ្យធ្វើឡើងនៅក្រោមដីដើម្បីសុវត្ថិភាព។
កងកម្លាំងប្រដាប់អាវុធរបស់អ៊ុយក្រែនបានកាន់កាប់តំបន់ Kharkov មកវិញ បន្ទាប់ពីមានការប្រយុទ្ធជាច្រើនខែ។ ទោះបីជាយ៉ាងណាក៏ដោយ ក៏តំបន់នេះនិងតំបន់ជុំវិញនៅតែស្ថិតក្រោមការវាយប្រហារដោយមីស៊ីលពីរុស្ស៊ី៕
ដោយ៖ ធីរីណា(រូបថត ៖ twitter)