ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសារប្រទានពរជ័យ និងបាច់ផ្កាស្រស់ល្អ ១កន្ត្រក ជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសថ្ងៃខួបកំណើតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២២នេះ។
ព្រះរាជសារប្រទានពរជ័យ និងបាច់ផ្កាស្រស់ល្អ ១កន្ត្រកនេះ ត្រូវបាន សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង យកមកប្រគល់ជូនលោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នារសៀលថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២២នេះ។
ព្រះរាជសាររបស់ ព្រះករុណា ព្រះមហាក្សត្រ មានខ្លឹមសារថា៖ «ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២២នេះ ជាឱកាសដ៏នក្ខត្តឫក្សនៃខួបចម្រើនជន្មាយុ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ខ្ញុំមានសេចក្តីសោមនស្សរីករាយដ៏កក់ក្តៅ សូមអបអរសាទរ ជូនពរ និងកោតសរសើរដ៏ក្រៃលែងជាទីបំផុត ជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាមគ្គទេសិកាដ៏ល្អឆ្នើមមួយរូប បានដឹកនាំកាកបាទក្រហមកម្ពុជា ទទួលបានជោគជ័យល្អប្រសើរជាទីបំផុត។»
ព្រះរាជសារលិខិត បានបញ្ជាក់ដែរថា «សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជាប្រធានដ៏ឈ្លាសវៃ ប៉ិនប្រសប់ ដឹកនាំកាកបាទក្រហមកម្ពុជា ដែលបំពេញសកម្មភាពមនុស្សធម៌ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ ហើយបានខិតខំអស់ពីកម្លាំងកាយចិត្ត បំពេញភារកិច្ចជូនប្រជាជាតិ និងប្រជារាស្ត្រកម្ពុជា ដែលទីទ័លក្រ និងងាយរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំសូមជូនពរបវរមហាប្រសើរជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ក្នុងបេសកកម្មដ៏ឧត្តុង្គឧត្តមបម្រើប្រជាជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា និងសូមបានប្រកបតែនឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។»
ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃព្រះរាជសារ របស់ ព្រះករុណា ព្រះមហាក្សត្រ ជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ៖
ដោយ ៖ សិលា