ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល បានផ្ញើសារលិខិតគោរពជូនពរ និងបាច់ផ្កាស្រស់ល្អ ១កន្ត្រក ជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

ចែករំលែក៖

ភ្នំពេញ ៖ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង បានផ្ញើសារលិខិតគោរពជូនពរ និងបាច់ផ្កាស្រស់ល្អ ១កន្ត្រក ជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសថ្ងៃខួបកំណើតរបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២២នេះ។

សារលិខិតគោរពជូនពរ និងបាច់ផ្កាស្រស់ល្អ ១កន្ត្រកខាងលើនេះ ត្រូវបាន សម្តេចចៅហ្វាវាំង យកទៅប្រគល់ជូនលោកជំទាវកិត្តិសង្គហបណ្ឌិត ឃួន សុដារី អនុប្រធានកាកបាទក្រហមកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា នារសៀលថ្ងៃទី ១២ ខែធ្នូ ឆ្នាំ២០២២នេះ។ 

ក្នុងសារលិខិតនោះមានខ្លឹមសារថា៖ «ក្នុងឱកាសដ៏នក្ខត្តឫក្ស នៃខួបចម្រើនជន្មាយុដ៏ថ្លៃថ្លារបស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២២នេះ ក្នុងនាមថ្នាក់ដឹកនាំ មន្ត្រីរាជការ បុគ្គលិក កម្មករ និងកងកម្លាំងនគរបាលការពារព្រះបរមរាជវាំងទាំងអស់ ខ្ញុំបាទសូមចូលរួមអបអរសាទរ និងសូមគោរពជូនសព្ទសាធុការពរ ប្រកបដោយមនោសញ្ចេតនា គោរពស្រឡាញ់ និងកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅជាទីបំផុត។

ខ្ញុំបាទសូមគោរពសម្តែងនូវការកោតសរសើរដ៏ខ្ពង់ខ្ពស់ជាទីបំផុតចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលជាស្ត្រីខ្មែរដ៏ឆ្នើមមួយរូប បានបំពេញតួនាទីដ៏ឧត្តុង្គឧត្តម ជាប្រធានកាកបាទក្រហមកម្ពុជា បានដឹកនាំសកម្មភាពមនុស្សធម៌ប្រកបដោយសុច្ឆន្ទៈ ស្នេហាជាតិ មាតុភូមិ និងប្រជារាស្ត្រកម្ពុជា យកចិត្តទុកដាក់ខ្ពស់ពីទុក្ខលំបាក ជីវភាពរស់នៅ និងសុខុមាលភាព ដែលជាក្តីសង្ឃឹមរបស់ប្រជារាស្ត្ររងគ្រោះ និងងាយរងគ្រោះផ្សេងៗគ្រប់កាលៈទេសៈ។

ក្នុងឱកាសដ៏ថ្លៃថ្លានេះ ខ្ញុំបាទសូមបួងសួងដល់គុណបារមីទេវតាគ្រប់ព្រះអង្គ គុណបុណ្យព្រះរតនត្រ័យ គុណបារមីវត្ថុស័ក្តិសិទ្ធិនានាក្នុងលោក សូមព្រះមេត្តាប្រោសព្រះរាជទានប្រោះព្រំនូវទឹកអម្រឹត ប្រសិទ្ធពរជ័យ សិរីមង្គល មហាប្រសើរ ចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សូមបានប្រកបតែនឹងព្រះពុទ្ធពរគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ និងសូមសម្រេចបានជោគជ័យថ្មីៗទៀតក្នុងភារកិច្ចដ៏ឧត្តុង្គឧត្តម ក្នុងការបម្រើជាតិ មាតុភូមិ និងប្រជាជន នៅទូទាំងព្រះរាជាណាចក្រកម្ពុជាតរៀងទៅ។»

ខាងក្រោមនេះ ជាខ្លឹមសារទាំងស្រុងនៃសារលិខិតរបស់ សម្តេចចៅហ្វាវាំង ផ្ញើជូន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ៖

ដោយ : សិលា


ចែករំលែក៖