ព័ត៌មានទាន់ហេតុការណ៍៖

បណ្តាប្រទេសអឺរ៉ុបព្រួយបារម្ភចំពោះការធ្វើអត្ថាធិប្បាយរបស់ប្រធានាធិបតី Macron

ចែករំលែក៖

ប្រទេសជាច្រើនក្នុងសហភាពអឺរ៉ុប (EU) នៅថ្ងៃទី១២ ខែធ្នូបានជំទាស់នឹងសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីបារាំង Emmanuel Macron អំពីការផ្តល់នូវការធានាសន្តិសុខដល់ប្រទេសរុស្ស៊ី។ ការលើកឡើងរបស់ប្រធានាធិបតីបារាំង Emmanuel Macron ត្រូវបានអ៊ុយក្រែននិងប្រទេសសមាជិកសហភាពអឺរ៉ុប (EU) មួយចំនួនរិះគន់យ៉ាងខ្លាំង។
យោងតាមអ្នកការទូតតំណាងនៃរដ្ឋសមាជិកមួយចំនួននៃសហភាពអឺរ៉ុប (EU) កាលពីថ្ងៃទី១២ ខែធ្នូ បានផ្ញើកំណត់ចំណាំមួយប្រឆាំងនឹងការលើកឡើងរបស់ប្រធានាធិបតី Emmanuel Macron ទៅកាន់មន្ត្រីទទួលបន្ទុកកិច្ចការអន្តរជាតិនៅអឺរ៉ុប ដោយក្រសួងការបរទេសបារាំង ។
មុននេះ នៅក្នុងបទសម្ភាសន៍ជាមួយបណ្តាញទូរទស្សន៍ TF1 លោកប្រធានាធិបតី Macron បាននិយាយថា EU ចាំបាច់ត្រូវកសាងរចនាសម្ព័ន្ធសន្តិសុខនាពេលអនាគត ហើយ«គិតអំពីការធានាដែលបណ្តាប្រទេសនានាអាចផ្តល់ជូនដល់ប្រទេសរុស្ស៊ី ប្រសិនបើត្រឡប់ទៅតុចរចាដើម្បីបញ្ចប់ជម្លោះនៅអ៊ុយក្រែន»។
បន្ទាប់ពីសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតី Macron សាធារណរដ្ឋឆេកដែលជាប្រទេសកាន់តំណែងជាប្រធានប្តូរវេននៃក្រុមប្រឹក្សាអឺរ៉ុប (EC) បានប្រមូលផ្តុំប្រទេសដែលមិនយល់ស្របនឹងសេចក្តីថ្លែងការណ៍របស់ប្រធានាធិបតីបារាំងដើម្បីធ្វើសេចក្តីព្រាងកំណត់ចំណាំជាផ្លូវការ។
យោងតាមអ្នកការទូតសហភាពអឺរ៉ុបពីររូប ប្រទេសដែលបានសម្តែងការគាំទ្រចំពោះឯកសារនេះរួមមានរដ្ឋបាល់ទិក អេស្តូនី ឡាតវី និងលីទុយអានី រួមជាមួយនឹងប្រទេសប៉ូឡូញ និងស្លូវ៉ាគី។
ក្រុមអ្នកការទូតបាននិយាយថា សេចក្តីព្រាងនៃកំណត់ចំណាំដែលបានប្រគល់ទៅឱ្យរដ្ឋាភិបាលនៃរដ្ឋជាសមាជិកសហភាពអឺរ៉ុបកាលពីសប្តាហ៍មុនបានគូសបញ្ជាក់ថា សកម្មភាពពីមុនរបស់រុស្ស៊ីជារឿយៗសំដៅលើការបែងចែក និងរំលាយធ្វើឱ្យរដ្ឋសមាជិកសហភាពអឺរ៉ុបចុះខ្សោយ។
ថ្លែងទៅកាន់អ្នកសារព័ត៌មានកាលពីថ្ងៃទី៩ ខែធ្នូ មន្ត្រីក្នុងរដ្ឋបាលរបស់លោក Macron បាននិយាយថា ការលើកឡើងរបស់ប្រធានាធិបតីបារាំងគឺស្រដៀងគ្នាទៅនឹងការលើកឡើងដោយប្រទេសដទៃទៀតកាលពីអតីតកាល។ លោកប្រធានាធិបតី Macron បានបញ្ជាក់ឡើងវិញថា ជម្លោះនៅអ៊ុយក្រែនអាចដោះស្រាយបានតាមរយៈការចរចាតែប៉ុណ្ណោះ៕ ដោយ៖ ធីរីណា

រូបថត៖ Reuters 


ចែករំលែក៖