ខេត្តកំពង់ឆ្នាំង៖ យោង តាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃអង្គារទី១៣ ខែធ្នូ ឆ្នាំ២០២២នេះ បានឱ្យដឹងថា កម្លាំងអធិការដ្ឋាននគរបាលស្រុកជលគិរី សហការជាមួយ កម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក ដឹកនាំដោយលោក មុត ម៉េង នាយករដ្ឋបាលសាលាស្រុក ដែលមានកម្លាំងសរុបចំនួន ១៥នាក់ ហើយមធ្យោបាយបាឡាស្មាច់ចំនួន ៤គ្រឿង។របាយការណ៍ខាងលើបានឲ្យដឹងទៀតថាកាលពីម្សិលមិញនេះ បានធ្វើការចុះបង្ក្រាបបទល្មើសនេសាទប្រើប្រាស់ ឧបករណ៍នេសាទ នៅចំណុចវាលសំនាប ក្រោយភូមិក្បាលកន្លង់ ក្នុងឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។
ជាលទ្ធផល ៖ រុះរើរបាំងស្បៃមុងបានចំនួន ៨កន្លែង ប្រវែង៤០០ម៉ែត្រ, លូស្បៃមុង ចំនួន៨លប, របាំងសាច់អួន ចំនួន៣កន្លែង ប្រវែង ៦០០ម៉ែត្រ, បង្គោលសរុបចំនួន ៤២០ដើម, ចាក់លែងកូនត្រីចូលបឹងធម្មជាតិវិញចំនួន ៥០គីឡូក្រាម ។
មិនតែប៉ុណ្ណោះសម្ភារៈ និងឧបករណ៍ដកហូតបានត្រូវបំផ្លាញចោលនៅនឹងកន្លែងតែម្តង ។
បើទោះបីជាសមត្ថកិច្ចខិតខំទប់ស្កាត់និងបង្ក្រាបយ៉ាងណាក្តីជនខិលខូចនៅតែបន្តល្មើសច្បាប់ដដែល៕
ដោយ ៖ អារុណរះ