ព័ត៌មានទាន់ហេតុការណ៍៖

កងទ័ពមួកខៀវ ចំនួន៧៣នាក់ ទើបបញ្ចប់បេសកកម្មមនុស្សធម៌ នៅស៊ូដង់ខាងត្បូង បានមកកម្ពុជាវិញហើយ

ចែករំលែក៖

ភ្នំពេញ៖ កងអនុសេនាធំរាជអាវុធហត្ថលេខ៧៣៩ ចំនួន៧៣នាក់ ក្នុងនោះមាននារី៣៤នាក់ ដែលជាកងទី១០ បានវិលត្រឡប់មកមាតុភូមិកម្ពុជាវិញ នៅយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២នេះ ក្រោយបញ្ចប់បេសកកម្មមនុស្សធម៌រក្សាសន្តិភាពក្រោមឆត្រអង្គការសហប្រជាជាតិ នៅសាធារណរដ្ឋស៊ូដងខាងត្បូង ដោយជោគជ័យ និងបាននាំកិត្យានុភាពជូនជាតិកម្ពុជា។

ពិធីទទួលកងអនុសេនាធំរាជអាវុធហត្ថលេខ៧៣៩ ត្រូវបានធ្វើឡើងក្រោមវត្តមាននាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិគ្រប់គ្រង កងកម្លាំងរក្សាសន្តិភាព បោសសម្អាតមីន និងកាកសំណល់សង្គ្រាម ព្រមទាំងថ្នាក់ដឹកនាំកងទ័ពមួកខៀវមួយចំនួន នៅព្រលានយន្តហោះ VIP។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានគូសបញ្ជាក់ថា ដែលទើបបញ្ចប់បេសកកម្មមនុស្សធម៌នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង ដែលបានធ្វើមាតុភូមិនិវត្តន៍មកដល់កម្ពុជាវិញ ពិតជាបានរក្សានូវគំរូវីរភាពសមជាកងយោធពលខេមរភូមិន្ទ ដែលប្រកាន់ខ្ជាប់វិន័យតឹងរ៉ឹង ដោយនូវមកនូវកិត្តិយជូនជាតិមាតុភូមិ ក្នុងការប្តេជ្ញាចិត្តរក្សាកេរ្តិ៍ឈ្មោះ ស្អាតស្អំ ដោយមិនមានជាប់ពាក់ព័ន្ធនឹងអំពើហិង្សា និងការជួញដូរមនុស្ស។

ជាមួយគ្នានេះដែរ នាយឧត្តមសេនីយ៍ បានឱ្យដឹងថា ការចូលរួមរបស់កងនារី មានចំនួន៤៦.៥ភាគរយ ជាកងដែលមានការចូលរួមពីសំណាក់យោធិននារីច្រើនជាងគេបង្អស់ ដែលនេះឆ្លុះបញ្ចាំងពីការតាំងចិត្តដ៏មុតមាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន, ថ្នាក់ដឹកនាំក្រសួងការពារជាតិ, ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ឆ្លើយតបនឹងការស្នើសុំរបស់អង្គការសហប្រជាជាតិ ក៏ដូចជាការចូលរួមចំណែកក្នុងរបៀបវារៈស្តីពី «ស្ត្រី សន្តិភាព និងសន្តិសុខ»។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានចាត់ទុកថា ភាពជោគជ័យរបស់កងអនុសេនាធំរាជអាវុធហត្ថលេខ៧៣៩ រយៈពេល១ឆ្នាំ នៅសាធារណរដ្ឋស៊ូដង់ខាងត្បូង គឺពិតជាទទួលបានការហ្វឹកហ្វឺន ជំនាញបច្ចេកទេសត្រឹមត្រូវតាមនិយាមរបស់អង្គការសហប្រជាជាតិ មុនចេញបេសកកម្ម ហើយរក្សាបាននូវសុវត្ថិភាព តាមការផ្តាំផ្ញើរបស់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

តាងនាមសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងជាប្រធានណៈកម្មាធិការជាតិ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី, សូមស្វាគមន៍ដំណើរមាតុភូមិនិវត្តន៍របស់យុទ្ធជន យុទ្ធនារី នៃកងយោធពលខេមរភូមិន្ទ ពីការបំពេញបេសកកម្មរយៈពេល១ឆ្នាំ នៅសាធារណរដ្ឋអាហ្វ្រិកកណ្តាល។

បើតាមលោកឧត្តមសេនីយ៍ទោ តាំង ចាន់ពន្លឺ នាយក នាយកដ្ឋានផែនការប្រតិបត្តិការ និងហ្វឹកហ្វឺន បានថ្លែងថា បានបំពេញបេសកកម្មរបស់ខ្លួនយ៉ាងអង់អាចក្លាហាន តស៊ូព្យាយាម មានស្មារតីទទួលខុសត្រូវខ្ពស់ចំពោះភារកិច្ច ប្រកបដោយជំនាញវិជ្ជាជីវៈច្បាស់លាស់ និងការគោរពវិស័យបានល្អ។

លោកឧត្តមសេនីយ៍ទោ តាំង ចាន់ពន្លឺ បានឱ្យដឹងថា កងអនុសេនាធំរាជអាវុធហត្ថលេខ៧៣៩ បានឈរជើងចំនួន០៦ លើ១០រដ្ឋ សម្រេចបានលទ្ធផលជាច្រើនក្នុងដំណើរបេសកកម្មរបស់ខ្លួន។

គិតចាប់តាំងពីឆ្នាំ២០០៦ រហូតមកដល់ពេលនេះ កម្ពុជាបានបញ្ជូនកងកម្លាំងរក្សាសន្តិភាព ចំនួន៨៤៧៥នាក់ ទៅបំពេញបេសកកម្មមនុស្សធម៌ ជាមួយអង្គការសហប្រជាជាតិ នៅក្នុងប្រទេសចំនួន៩ រួមមាន៖ ស៊ូដង់ ស៊ូដង់ខាងត្បូង, ឆាដ, លីបង់, ស៊ីរី, ម៉ាលី, អាហ្វ្រិកកណ្តាល សាយប្រឺស និងយ៉េមែន។ បច្ចុប្បន្នកម្ពុជាមានកម្លាំងកងទ័ពមួកខៀវជាង ៨០០នាក់ បាននឹងកំពុងបំពេញបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រអង្គការសហប្រជាជាតិ ស៊ូដង់ខាងត្បូង ម៉ាលី លីបង់ និងសាធារណរដ្ឋអាហ្វ្រិកកណ្តាល៕

ដោយ៖ សូរិយា


ចែករំលែក៖