ភ្នំពេញ ៖ នាសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់អោយដឹងថា, នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២២លោក បណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការ និងជាប្រធានក្រុមការងារសម្របសម្រួលការទូតសេដ្ឋកិច្ច តំណាងដ៏ខ្ពង់ខ្ពស់របស់ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងកម្មវិធីបើកវគ្គបណ្តុះបណ្តាលស្តីពី «ការទូតអាហារ Culinary Diplomacy» នៅវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ។ ដោយមានការអញ្ជើញចូលរួមពី សហព័ទ្ធឯកអគ្គរាជទូតកម្ពុជា ដែលទើបទទួលការតែងតាំងថ្មី និងចុងភៅប្រចាំស្ថានតំណាងកម្ពុជា នៅបរទេស សរុបប្រមាណ ៣០នាក់។
វគ្គបណ្តុះបណ្តាល «ការទូតអាហារ» នេះជាផ្នែកមួយ នៃការលើកកម្ពស់វិស័យទេសចរណ៍ និងវប្បធម៌ ជាតិ រួមទាំងម្ហូបខ្មែរលើឆាកអន្តរជាតិ ស្របតាមយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចឆ្នាំ២០២១-២០២៣។ យោងតាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់ លោកឧបនាយករដ្ឋមន្ត្រី ម្ហូបអាហារ ជាឧបករណ៍ ការទូតមួយដ៏មានឥទ្ធិពល ក្នុងការបង្កើនចំណងមិត្តភាពរវាងប្រទេស តាមរយៈការរៀបចំកម្មវិធីជួបជុំ ជាមួយអង្គទូតបរទេស និងការតាំងពិព័រណ៍ម្ហូបខ្មែរ ជាដើម។
លោកបណ្ឌិត ញឹម ខេមរា បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង របស់វិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ ដោយសហការជាមួយក្រុមការងារសម្របសម្រួល ការទូតសេដ្ឋកិច្ច ក្នុងការរៀបចំវគ្គបណ្តុះបណ្តាលនេះឡើង។ លោកបណ្ឌិត ជឿជាក់យ៉ាង មុតមាំថា ឯកអគ្គរាជទូត និងសហព័ទ្ធ ព្រមទាំងចុងភៅប្រចាំស្ថានតំណាង នឹងខិតខំប្រើប្រាស់នូវ ពុទ្ធិដែលទទួលបានពីវគ្គនេះ ដើម្បីជំរុញការអនុវត្តយុទ្ធសាស្រ្តការទូតសេដ្ឋកិច្ចឱ្យមានប្រសិទ្ធភាពខ្ពស់ ក្នុងន័យពង្រឹង លើកស្ទួយកិត្តិនាម និងកិត្យានុភាពជាតិ លើឆាកអន្តរជាតិ៕
ដោយ : សិលា