ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរជាតិអប្សរារៀបចំពិធីដឹងគុណអង្គរដោយការដើរដង្ហែក្បួនសិស្សានុសិស្សជិត១ពាន់នាក់

ចែករំលែក៖

ខេត្តសៀមរាប ៖ ជាលើកទី១ដែលអាជ្ញាធរជាតិអប្សរាបានរៀបចំពិធីដឹងគុណអង្គរតាមរយៈការដើរហែរក្បួនសិស្សានុសិស្សប្រមាណជិត១ពាន់នាក់។ រាជរដ្ឋាភិបាលកម្ពុជាបានអនុញ្ញាតឲ្យមានពិធីដឹងគុណអង្គរជារៀង រាល់ឆ្នាំចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ខែធ្នូ។

នៅព្រឹកថ្ងៃទី១៣ខែធ្នូនេះ សិស្សានុសិស្ស និងមន្ដ្រីអាជ្ញាធរជាតិអប្សរាជិត១ពាន់នាក់​បានធ្វើព្យុះហយាត្រាដង្ហែក្បួន ​ដើម្បីឱ្យសាធារណៈជនក៏ដូចជាប្រជាពលរដ្ឋខ្មែរ អ្នកទេសចរជាតិ​,អន្ដរជាតិ ឱ្យមានការរំលឹកគុណ​ដល់ប្រាសាទអង្គរ ព្រោះប្រាសាទអង្គរ​ជា​បេតិកភណ្ឌពិភព​លោក​មិនអាចកាត់ថ្លៃបាន ដែលបុព្វបុរសខ្មែរបានបន្សល់ទុកឱ្យកូនខ្មែរជាន់ក្រោយ។ ពិធីនេះក៏រួមចំណែកទាក់ទាញភ្ញៀវទេសចរណ៍ផងដែរ។

បន្ទាប់ពីមានការជួបជុំតាំងពីព្រឹកមកនោះ ការដង្ហែក្បួននេះ ធ្វើឡើងចេញពីខាងមុខប្រាសាទអង្គរ ​ឆ្ពោះទៅកាន់ក្លោងទ្វារក្រុងអង្គរធំ ឬក្លោងទ្វារទន្លេអុំ ដោយមានកាន់បដា ​ជាភាសារខ្មែរផងនិងភាសាបរទេសផងដែលរំលេច​ដោយអត្ថន័យ​ដ៏​ជ្រាលជ្រៅរបស់ប្រាសាទអង្គរ ដូចជា អអង្គរជាដួងព្រលឹងនិងជា​អត្ដសញ្ញាណជាតិអបអរ សាទរពិធីបុណ្យរំលឹកគុណអង្គរ ​វប្បធម៌ជាមូលដ្ឋានគ្រិះនៃសន្ដិភាព និងការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គមជាដើម ។

អគ្គនាយកអាជ្ញាធរជាតិអប្សរា លោកហង់ ពៅ មាន ប្រសាសន៍នៅក្នុងឱកាសនោះថា ព្យុះហយាត្រាដែលមាន​មនុស្ស​រួម​ជិតមួយពាន់នេះធ្វើឡើងជាលើកទី១ នៃពិធីបុណ្យរំលឹកគុណអង្គរ ហើយជាសារ​មួយ​បង្ហាញថា កូនខ្មែរគ្រប់រូបបានតបស្នងសងគុណដល់​បុព្វបុរស​ក៏​ដូច​ជា​អតីត​ព្រះមហាក្សត្រខ្មែរ​ដែល​បានកសាងប្រាសាទអង្គរទុកឱ្យកូនខ្មែរជំនាន់ ក្រោយបានស្គាល់។ប្រាសាទ​អង្គរ​ជាបេតិកភណ្ឌរស់រវើកដែលមិនអាចកាត់ថ្លៃបាន។

សូមជម្រាបថា ព្រឹត្ដិការណ៍រំលឹកគុណអង្គរធ្វើឡើងរយៈពេល៣ថ្ងៃចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី​១៦ខែធ្នូឆ្នាំ២០២២​ និង​ជាឆ្នាំទីពីរហើយ ​ដែលរៀបចំឡើងក្នុងគោលបំណង​ដើម្បីរំលឹក​គុណអង្គ​ព្រះមហាក្សត្រគ្រប់ព្រះអង្គ ​និង​បុព្វការីជន​ដែល​លោក​បានកសាង និងថែរក្សាប្រាសាទ​ទាំងអស់នៅក្នុង​រមណីយដ្ឋាន​អង្គរ ដោយ​បានផ្តល់​អត្ថប្រយោជន៍ជាច្រើនដល់​ជាតិ​មាតុភូមិ​តាំងពីដើមរហូតដល់សព្វថ្ងៃ៕

ដោយ៖ សូរិយា


ចែករំលែក៖