ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមិនស្គាល់ម៉ាកបើកបុកម៉ូតូពេញទំហឹងបណ្ដាលឱ្យបុរសម្នាក់ស្លាប់ក្រោយបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានស្លាប់ក្រោយបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ ខណៈជិះម៉ូតូមួយគ្រឿង ត្រូវរថយន្តមិនស្គាល់ម៉ាកបើកបុកពេញទំហឹងខ្ទាតមកលើចិញ្ចើមផ្លូវ ឯរថយន្តបង្កបើករត់គេចខ្លួនបាត់។

 ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១២ និង ២០ នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី ១៤ ខែធ្នូឆ្នាំ ២០២២ នៅត្រង់ចំណុចស្តុបផ្សារមាន់អាំង តាមបណ្តោយផ្លូវ៣១៥ កែងនិង៥៩២ ស្ថិតក្នុងសង្កាត់បឹងកក់ទី២ ខណ្ឌទួលគោករាជធានីភ្នំពេញ។

សពជនរងគ្រោះមានឈ្មោះ ឆាយ ភឿយ ភេទប្រុស អាយុ ២៤ ឆ្នាំ មុខរបរអ្នកលក់ស្លាបមាន់បំពង នៅក្បែរសាលាឥន្រ្ទទេវី សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក មានស្រុកកំណេីតនៅ ផ្ទះលេខ២៣ ផ្លូវ/ក្រុម០២  ភូមិស្រឡៅជ្រុំ ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថាមុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូម៉ាក MSX មួយគ្រឿងពណ៌ខៀវលាយខ្មៅពាក់ស្លាកលេខភ្នំពេញ1GK-6053ធ្វើដំណើរតាមបណ្ដោយផ្លូវ៥៩២ ទិសដៅពីកើតទៅលិច លុះមកដល់ចំណុចកើតហេតុខាងលើស្តុបបំបែកជាបួន ស្រាប់តែមានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាកធ្វើដំណើរតាមបណ្ដោយផ្លូវ ៣១៥ ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនបានបុកម៉ូតូពីចំហៀងខាងមុខ ពេញទំហឹងបណ្តាលឲ្យម៉ូតូខ្ទាតមកលើចិញ្ចើមផ្លូវ ចំណែកជនរងគ្រោះផ្លោងបោកផ្ទប់និងថ្នល់រងរបួសធ្ងន់ធ្ងរ។

ចំណែករថយន្តបង្កបានបើករត់គេចខ្លួនបាត់ស្រមោល។ក្រោយមករថយន្តសាមុយបានមកដឹកជនរងគ្រោះទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗតែអកុសលជនរងគ្រោះរងរបួសធ្ងន់ធ្ងរពេកបានស្លាប់នៅឯមន្ទីរពេទ្យ។ត្រូវបានរថយន្តសាមុយដឹកយកមកកន្លែងកើតវិញ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់បានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកបណ្តោះអាសន្នរង់ចាំធ្វើការស្រាវជ្រាវរករថយន្តបង្កយកមកដោះស្រាយគ្នាតាមនីតិវិធីច្បាប់។ដោយឡែកសពជនរងគ្រោះសមត្ថកិច្ចធ្វើកំណត់ហេតុរួចទំនាក់ទំនងទៅសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖