ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួន​ជនសង្ស័យ​ នៅមុខរោងកុនចេនឡា​ ក្រោយលួចម៉ូតូ និងទូរស័ព្ទដៃពីខេត្តកំពត

ចែករំលែក៖

ភ្នំពេញ៖ នារីវ័យ​២២ឆ្នាំ​ម្នាក់​ បានធ្វេីសកម្មភាព​លួចម៉ូតូ និងទូរស័ព្ទដៃពីខេត្តកំពត​បានសម្រេច​ ប៉ុន្តែ​ព្យាយាម​ជិះរត់គេចខ្លួន​មកដល់ក្រុងភ្នំពេញ​ ក៏ត្រូវ​កម្លាំង​សមត្ថកិច្ច​ស្រាវជ្រាវ​តាមចាប់ឃាត់ខ្លួន​យកមកសាកសួរ​ ដេីម្បីចាត់ការតាមច្បាប់​។ នេះបេីយោង​តាមប្រភពព័ត៌មានពី​របាយការណ៍​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ នៅព្រឹកថ្ងៃ​ពុធ​ទី​១៤​ ខែធ្នូ​ ឆ្នាំ​២០២២។ 

របាយការណ៍​ដដែល​បន្តថា​ កាលពីរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២២ នៅវេលាម៉ោង១៥:៥០នាទី មានករណីរំលោភទំនុកចិត្ត (យកម៉ូតូ និងទូរស័ព្ទដៃ) ប្រព្រឹត្តនៅចំណុចខាងកើតឈាងខាងជើង ផ្សាររាត្រីរង្វង់មូលធូរេន ស្ថិតនៅភូមិ កំពង់បាយខាងត្បូង សង្កាត់ កំពង់បាយ ក្រុងកំពត ខេត្តកំពត។ 

ប្រភពដដែលបន្តថា​ ក្រោយកើតហេតុកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តកំពត បានសហការ និងផ្តល់ព័ត៌មានមកកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យ និង ប្រដេញតាមប្រព័ន្ធអាយខ្លោត (iCloud) ទូរស័ព្ទដៃរបស់ជនរងគ្រោះ រហូតឃាត់ខ្លួនបានជនសង្ស័យខាងលើនៅចំណុចមុខរោងកុនចេនឡា ផ្លូវម៉ៅសេទុង សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ វេលាម៉ោង១៨:៤០នាទី។

ជនសង្ស័យ ឈ្មោះ សូ ស្រីនិច ភេទ ស្រី អាយុ ២២ឆ្នាំ ទីលំនៅក្រុមទី២៣ ភូមិអូរតាគាំ២ សង្កាត់ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង សព្វថ្ងៃស្នាក់នៅបណ្តោៈអាសន្ន ផ្ទះជួលភូមិ សុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត (ជួលបន្ទប់ក្បែរគ្នា រយៈពេលប្រមាណជាង ១ខែ)។

ចំណែក​ជនរងគ្រោះឈ្មោះ ស៊ុត សាវរី ភេទស្រី ស្នាក់នៅបណ្តោះអាសន្ន នៅភូមិសុវណ្ណសគរ សង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្ត កំពត ។

សម្ភារៈបាត់បង់រួមមាន៖ ម៉ូតូម៉ាកហុងដា ស៊ូមមើអ៊ិច (zoomer x ) ពណ៌ ស លាយក្រហម ពាក់ផ្លាកលេខ កំពត ១N៨៨៨១, ទូរស័ព្ទដៃ ម៉ាក អាយហ្វូន ១២ pro max ពណ៌ ទឹកសមុទ្រ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ កម្លាំងជំនាញការិយាល័យ កំពុងរៀបចំឯកសារប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

ដោយ​៖សហការី​


ចែករំលែក៖