ខេត្តកំពង់ឆ្នាំង ៖ យោងតាមរបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅព្រឹកថ្ងៃពុធទី១៤ ខែធ្នូ ឆ្នាំ២០២២ បានឱ្យដឹងថា កម្លាំងអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច និងស្រុកជលគិរី កាលពីម្សិលមិញនេះ សហការជាមួយគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកចុះបង្ក្រាបបទល្មើសនេសាទ មានដូចខាងក្រោម៖
១- ស្រុកជលគិរី ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុក សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក សរុបចំនួន០៨នាក់ ប្រើបាឡាស្មាច់ចំនួន០២គ្រឿង ដឹកនាំដោយលោក មុត ម៉េង នាយករដ្ឋបាលសាលាស្រុក ចុះបង្ក្រាបបទល្មើសនេសាទ នៅចំណុចបឹងផ្សោត ស្ថិតក្នុងភូមិព្រែកឆ្តោ ឃុំកំពង់អូស ស្រុកជលគិរី ។
*ជាលទ្ធផល រុះរើរបាំងស្បៃមុងបានចំនួន៨កន្លែង ប្រវែង៨០០ម៉ែត្រ,លបលូស្បៃមុងចំនួន៨លប,បង្គោលចំនួន១២០ដើម,លែងកូនត្រីចម្រុះចំនួន២០ គីឡូក្រាម។ ឧបករណ៍ សម្ភារៈ ត្រូវកម្លាំងជំនាញបំផ្លាញចោលនៅនឹងកន្លែង។
២-ស្រុកកំពង់ត្រឡាច ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុក សហការជាមួយកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុក សរុបចំនួន១៨នាក់ ប្រើបាឡាស្មាច់ចំនួន០៤គ្រឿង ដឹកនាំដោយលោក វន សុីផា អភិបាលនៃគណៈអភិបាលស្រុកកំពង់ត្រឡាច បានចុះបង្ក្រាបបទល្មេីសនេសាទនៅចំណុចបឹងអភិរក្សអូរចារ្យ ស្ថិតក្នុងភូមិស្ទឹងស្ងួត ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច។
*ជាលទ្ធផល ៖ រុះរើរបាំងស្បៃមុងបានចំនួន១៧កន្លែង ប្រវែង៧០០០ម៉ែត្រ,លបលូស្បៃមុងចំនួន១៧លប,បង្គោលចំនួន២៣៣៤ដើម,លែងកូនត្រីចម្រុះចំនួន៨០គីឡូក្រាម។
គួរបញ្ជាក់ថា ក្នុងប្រតិបត្តិការចប់កម្លាំងជំនាញ បានយកឧបករណ៍ សម្ភារទាំងអស់នោះដុតបំផ្លាញចោលនៅនឹងកន្លែង៕
ដោយ៖សហការី