ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលរដ្ឋបាលអូរសោម សហការជាមួយកម្លាំងបរិស្ថានចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅស្រុកវាលវែង

ចែករំលែក៖

ខេត្តពោធិ៍សាត់៖​ បទល្មើសនេសាទនៅតែបន្តកើតមានបើសិនសមត្ថកិច្ចនិងអាជ្ញាធរមូលដ្ឋានណែនាំហើយបង្រា្កបយ៉ាងណាក្តី។

នេះបើយោងតាម​របាយការណ៍​របស់​អគ្គស្នងការដ្ឋាន​នគរបាលជាតិ​ នៅព្រឹកថ្ងៃ​ព្រហស្បតិ៍​ទី​១៥​ ខែធ្នូ​ ឆ្នាំ​២០២២នេះ​ បានឱ្យដឹងថា​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរសោម សហការជាមួយកម្លាំងបរិស្ថាន បានធ្វើការចុះបង្ក្រាបការនេសាទដោយប្រើប្រាស់ឧបករណ៍ខុសច្បាប់ដាក់ស្បៃមុង នៅចំណុចតាឡុះ ស្ថិតភូមិឆាយលូក ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

លោកវរសេនីយ៍ទោ ប៊ូ ង៉ែត អធិការរង នៃអធិការដ្ឋាននគរបាលស្រុកវាលវែង បានប្រាប់ឲ្យដឹងថា ៖ ដោយទទួលបានព័ត៌មានច្បាស់ការពីប្រជាពលរដ្ឋ ថាមានជនខិលខូចលួចប្រើប្រាស់ឧបករណ៍ខុសច្បាប់នេសាទ នៅចំណុចខាងលើ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរសោម សហការជាមួយកម្លាំងបរិស្ថាន ដោយប្រើប្រាស់មធ្យោបាយ កាណូត០១គ្រឿង បានចេញសហប្រតិបត្តិការបង្ក្រាប នៅវេលាម៉ោង១៤ និង១០នាទី ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ជាលទ្ធផល សមត្ថកិច្ចរុះរើវត្ថុតាងមានដូចជា របាំងស្បៃមុងប្រវែង ៨០ម៉ែត្រ លូស្បៃមុង ចំនួន ១៥មាត់ និងបង្គោល ចំនួន ៥០ដើម ។

លោក បានបន្តថា ចំពោះវត្ថុតាង កម្លាំងបានយកមករក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលអូរសោម ៕

ដោយ៖ អារុណរះ


ចែករំលែក៖