ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា នាយសេនាធិការរង នាយការិយាល័យទី៥ កងទ័ពជើងគោក នៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២នេះ បានផ្សព្វផ្សាយអំពីលទ្ធផលជុំវិញកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០,៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលកម្ពុជាជាធ្វើជាម្ចាស់ផ្ទះ សភាពការណ៏ក្នុង និងក្រៅប្រទេស និងតួនាទីភារកិច្ចកងយោធពលខេមរភូមិន្ទ ជូននាយទាហាន នាយទាហានរង ជាគ្រូបង្គោលអប់រំចិត្តសាស្ត្រ នៃបញ្ជាការដ្ឋានកងទ័ពជើងគោក ។
ឧត្តមសេនីយ៏ទោ ម៉ៅ ផល្លា បានមានប្រសាសន៍ពាក់ព័ន្ធទៅនឹងព្រឹត្តិការកិច្ចប្រជុំកំពូលអាស៊ាន-កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ាន និងរាល់កិច្ចប្រជុំក្រៅផ្លូវការផ្សេងៗទៀតដែលកម្ពុជា ធ្វើជាប្រធានប្ដូរវេនអាស៊ាន និងជាម្ចាស់ផ្ទះ ២០២២នេះ បានបើកដំណើរការកិច្ចប្រជុំរយៈពេល៤ថ្ងៃ គឺចាប់ថ្ងៃទី ១០ដល់ទី១៣ វិច្ឆិកា ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះនោះ គឺត្រូវបានបិទបញ្ចប់ ដោយទទួលបានលទ្ធផលជោគជ័យយ៉ាងត្រចះត្រចង់។
ឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា បានបន្ថែមទៀតថា ជោគជ័យដ៏ធំធេងនេះ បានមកពីការចូលរួមយ៉ាងសកម្មពីកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ការខិតខំរបស់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ពិសេសការបុិនប្រសព និងឈ្លាសវៃរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី គួបផ្សំនឹងមូលហេតុ២ ដែលធ្វើឱ្យមេដឹកនាំសំខាន់ៗមកប្រជុំនៅកម្ពុជាបានដោយសារ ទី១ កត្តាសុខសន្តិភាពនៅកម្ពុជា ទី២ ការគ្រប់គ្រងកូវីដ-១៩ល្អប្រសើរ។ ឧត្តមសេនីយ៏ទោ ម៉ៅ ផល្លា បានគូសបញ្ជាក់ថានេះជាភាពជោគជ័យលើកទី៣ ព្រោះកម្ពុជាបានទទួលរៀបចំកិច្ចប្រជុំអាស៊ានចំនួន៣លើករួចមកហើយ គឺកាលពីឆ្នាំ២០០២ ឆ្នាំ២០១២ និងឆ្នាំ២០២២នេះ ។
ពាក់ព័ន្ធសភាពការណ៏អន្តរជាតិ ឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា បានបញ្ជា់កថា ពិភពលោកបច្ចុប្បន្នឈរនៅលើពហុប៉ូល ដោយបណ្តាប្រទេសលើសកលលោកបានបែងចែងជាក្រុម ជាអង្កា និងតំបន់ដោយឡែកៗពីគ្នា ជាហេតុបង្កើតឲ្យមានសភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយ ដែលជាមហិចតារបស់ប្រទេសមហាអំណាច បង្កើតជាសង្គ្រាម បង្កគ្រោះមហន្តរាយដល់សន្តិសុខសកល និងភាពភ័យខ្លាចរបស់ប្រជាជន និងការកើនឡើងនៃអតិផរណាពិភពលោកផងដែរ ។
លោកឧត្តមសេនីយ៍ទោ ម៉ៅ ផល្លា បានសង្កត់ធ្ងន់ថា យោធិនទាំងអស់ត្រូវប្រកាន់ភ្ជាប់នូវតំលៃថ្លៃថ្នូរកងយោធពលខេមរភូមិន្ទ ប្រកាន់ភ្ជាប់នូវច្បាប់លក្ខន្តិកៈក បទបញ្ញត្តិទូទៅកងយោធពលខេមរភូមិន្ទ ចូលរួមកសាងអភិវឌ្ឍន៍ ការពារច្បាប់កំពូលជាតិ ការពារដាច់ខាតជាតិ សាសនា ព្រះមហាក្សត្រ និងរក្សាឲ្យបានដាច់ខាតសុខសន្តិភាព៕
ដោយ៖សហការី