ភ្នំពេញ ៖ បើយោងតាមលោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ប្រាប់បណ្តាញសារព័ត៌មានថា គឺមានករណីជនជាតិចិនចំនួន៥នាក់ត្រូវបានសមត្ថកិច្ចធ្វើការឃាត់ខ្លួនដោយមានការសង្ស័យថាជាប់ពាក់ព័ន្ធនឹងករណីរកឃើញគ្រាប់បែកមួយគ្រាប់នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ កាលពីម្សិលមិញ។
បើតាមលោកឧត្តមសេនីយ៍ឯកបានបញ្ជាក់ទៀតថា ជនសង្ស័យទាំងនេះត្រូវបានឃាត់ខ្លួននៅម៉ោង៧ៈ៣០នាទីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ ដោយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន សហការជាមួយកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នៅចំណុចផ្ទះលេខ១៩ បុរីប៉េងហួត បឹងស្នោ ផ្លូវM-០២ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានប្រាប់ថា ក្នុងនោះរួមមានឈ្មោះ៖
១- ឈ្មោះ YANG JIAKANG ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិចិន (អ្នកបេីករថយន្ត) ។
២-ឈ្មោះ TU LINAN ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិចិន ។
៣-ឈ្មោះ YANG YUDONG ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន ។
៤-ឈ្មោះ CHEN DI ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិចិន ។
៥-ឈ្មោះ សួង ស្រីអូន ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ ។
ចំណែកវត្ថុតាងចាប់យកមាន៖ រថយន្ត០១គ្រឿងម៉ាក LAND ROVER DEFENDER ពណ៌ស្លែ ស៊េរីឆឆ្នាំ២០២១ ពាក់ផ្លាកលេខ កម្ពុជា-LC.9888 ។
បច្ចុប្បន្នជនសង្ស័យរួមទាំងវត្ថុតាងខាងលេីត្រូវបានបញ្ជូនទៅកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃចាត់ការបន្ត។
ជុំវិញប្រតិបត្តិការនេះផងដែរ លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាល រាជធានីភ្នំពេញ បានអញ្ជើញចុះពិនិត្យ ជាមួយសមត្ថកិច្ចយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីជំរុញឱ្យសមត្ថកិច្ច អាជ្ញាធរ ពង្រីកនូវសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋគ្រប់ទីកន្លែង ៕
ដោយ៖ សហការី