ព័ត៌មានទាន់ហេតុការណ៍៖

ត្រីទឹកសាប៣ប្រភេទមាននៅតែខេត្តស្ទឹងត្រែងប្រឈមនឹងការផុតពូជ

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ ត្រីទឹកសាប៣ប្រភេទដែលមានតម្លៃខ្ពស់ ជាប្រភេទត្រីកម្រមានតែនៅខេត្តស្ទឹងត្រែង ត្រូវបានប្រជានេសាទថាមានការថយចុះបន្តិចម្ដងៗ ពីមួយ ឆ្នាំទៅមួយឆ្នាំ ហើយដែលអាចនឹងឈានទៅរកការផុត ពូជ បើសិនមន្ត្រីជំនាញ មិនបានទប់ស្កាត់ ទាន់ពេលវេលាទេនោះ។

ត្រីទឹកសាបទាំងបីប្រភេទមានតែនៅខេត្តស្ទឹងត្រែងនោះរួមមាន:ប្រភេទត្រីប៉ាសេអ៊ី,ត្រីប៉ាវ៉ាមុខពីរ,ត្រីប៉ាវ៉ាមុខមួយ… ត្រីទាំងបីប្រភេទនេះជាប្រភេទត្រីកម្រ ហើយក៏ជាមុខសញ្ញាគោលដៅ អ្នកនេសាទតាមប្រមាញ់ ព្រោះវាមានតម្លៃខ្ពស់។

លោកណុច សុផល អ្នកនេសាទបាននិយាយថា នៅរដូវធ្លាក់ខ្យល់រំហើយនេះ ជារដូវត្រីទាំងបីប្រភេទចេញពីទន្លេមេគង្គលើចុះមកក្រោម ហើយលោកបានធ្វើការនេសាទជាលក្ខណៈគ្រួសារ ទៅតាមជំនាញជលផលបានកំណត់ តែឆ្នាំនេះត្រីទាំងបីប្រភេទនេះមានការថយចុះច្រើនជាងឆ្នាំកន្លងទៅ ពីមួយឆ្នាំទៅមួយឆ្នាំ។

  លោក សុផល បានបន្តទៀតថា មិនថាទាំងត្រីបីប្រភេទនោះទេ ប្រភេទត្រីផ្សេងទៀតក៏មានការថយចុះដែរ តែវានៅសម្បូរជាងត្រីទាំងបីប្រភេទនេះ ហើយមានតម្លៃទាបជាងត្រីប៉ាសេអ៊ី ប៉ាវ៉ាមុខមួយ ប៉ាវ៉ាមុខពីរ បើត្រីធម្មតាមានតម្លៃត្រឹមតែ ២៥.០០០រៀល ទៅ៥០.០០០រៀលក្នុងមួយគីឡូដែរប៉ុណ្ណោះ។ រីឯត្រីដ៏កម្រទាំងបីប្រភេទនេះវិញ មានតម្លៃខ្ពស់ដែលអ្នកគ្មានធនធានមិនអាចស្គាល់រសជាតិត្រីនេះបានឡើយ។

  លោកស្រី ស៊ី នួន ជាអ្នកលក់ត្រីតាមប្រព័ន្ធ facebook បាននិយាយថា ប្រភេទត្រីប៉ាសេអ៊ីប៉ាវ៉ាមិនសូវមានលក់នៅលើទីផ្សារនោះទេ ព្រោះវាមានតម្លៃខ្ពស់ ត្រូវបានគេប្រមូលទិញបានតិចតួចលក់តាមប្រព័ន្ធអនឡាញ ផ្ញើទៅតាមបណ្ដាលរាជធានីខេត្តនានាតាមតម្រូវការអ្នក បញ្ជាទិញ។ ត្រីប៉ាសេអ៊ី បើមានលក់នៅលើទីផ្សារមាន តែប្រភេទតូចៗតែប៉ុណ្ណោះ។     

លោកស្រីបន្តថា ប្រភេទត្រីប៉ាសេអ៊ីចាប់ពី ១គីឡូដល់ ១គីឡូកន្លះមានតម្លៃ ២០ម៉ឺនរៀល ចាប់ពី១គីឡូកន្លះដល់ពីរគីឡូតម្លៃ ២៥ម៉ឺនរៀល ចាប់ពី២គីឡូកន្លះដល់ ៣គីឡូកន្លះ តម្លៃ ៣០ម៉ឺនរៀលក្នុងមួយគីឡូក្រាម។

ចំណែកត្រីប៉ាវ៉ាមុខពីរវិញ ចាប់ពីមួយគីឡូ ដល់មួយគីឡូកន្លះតម្លៃ ១២ម៉ឺនរៀលចាប់មួយគីឡូកន្លះដល់ពីរគីឡូ ២០ម៉ឺនរៀល និងចាប់ពី ២គីឡូដល់ ២ គីឡូកន្លះតម្លៃ២៥ម៉ឺនរៀល។ រីឯត្រីប៉ាវ៉ាមុខមួយវិញចាប់១ គីឡូ ក្រាម ដល់១គីឡូកន្លះ៨០.០០០រៀលចាប់ពី១គីឡូ កន្លះដល់២គីឡូ១២០.០០០រៀលចាប់ពី២គីឡូក្រាម ដល់២គីឡូកន្លះ១៨០.០០០រៀលក្នុង១គីឡូក្រាម។

ត្រីកម្រទាំងបីប្រភេទនេះត្រូវបានអ្នកនេសាទនិយាយថា មានពីររដូវ មួយមាននៅរដូវ​ភ្លៀង​ធ្លាក់​ដំបូង និងរដូវ រំហើយចាប់ពីខែវិច្ឆិកាដល់ខែមករា ពពួកត្រីទាំងនេះ វារស់​នៅ​អអន្លង់ជ្រៅៗតាមដងទន្លេមេគង្គលើសុទ្ធសឹងជាត្រីមេពូជធំៗ។

ពេលដល់រដូវវាចុះមកតាមដងទន្លេផ្នែកខាងក្រោមត្រូវបាន អ្នកនេសាទរកជាលក្ខណៈគ្រួសារតាមជំនាញជល ផលកំណត់តែ អ្នកនេសាទមួយចំនួនមិនគោរពតាមមច្បាប់ជលផលដោយប្រើឧបករណ៍នេសាទខុសច្បាប់ទើបធ្វើឲ្យត្រីដ៏កម្រនេះមានការថយចុះជារៀងរាល់ឆ្នាំ។
ទាក់ទងនឹងករណីខាងលើនេះលោកសំវិចិត្រនាយខណ្ឌរដ្ឋបាលជលផលស្ទឹងត្រែងបានបញ្ជាក់ថា មានកត្តាពីរដែលធ្វើអោយធនធានមច្ឆាជាតិថយចុះ១កត្តាមនុស្ស និងទី២មកពីកត្តាធម្មជាតិ ឯកតាទី១នោះ មកពីអ្នក នេសាទមិនគោរពទៅតាមច្បាប់ជលផល ដោយប្រើឧបករណ៍នេសាទខុសច្បាប់ នៅតាមអន្លង់អភិរក្សត្រីមេពូជសំខាន់ៗ ធ្វើឲ្យត្រីទាំងនេះមានការថយចុះ។

លោកនាយខណ្ឌបានបញ្ជាក់បន្ថែមថា ឯកតាទី២នោះ ក៏អាចមកពីកត្តាធម្មជាតិដែរ ទី១មានទំនប់វារីអគ្គិសនី នៅផ្នែកខាងលើប្រទេសឡាវ ធ្វើឲ្យទឹកខាងក្រោមមានទំហំតូចហើយម្យ៉ាងទៀត ប៉ុន្មានឆ្នាំចុងក្រោយនេះ ទឹក ទន្លេឡើងចូលអូរបានបន្តិចហើយក៏ស្រក់ទៅវិញធ្វើឲ្យត្រីពងកូនមិនទាន់រអាក់រអួលក៏អាចមានការថយចុះដែរ៕

ដោយ៖ សូរិយា


ចែករំលែក៖