ព័ត៌មានទាន់ហេតុការណ៍៖

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្រេចឱ្យមន្ត្រីដល់អាយុ ៦០ ឆ្នាំ ឱ្យចូលនិវត្តន៍

ចែករំលែក៖

ភ្នំពេញ ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប ) បានសម្រេចអនុវត្តនូវរបបសន្តិសុខសង្គមផ្នែកប្រាក់សោធននិងនីតិវិធីនៃការដាក់អ្នករាជការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (អគ.ជ.ប) ឱ្យចូលនិវត្តន៍ ដែលការសម្រេចនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំនៅរសៀលថ្ងៃទី ១៥ ខែធ្នូ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គ.ជ.ប បានឱ្យដឹងថា តាមខ្លឹមសារនៃសេចក្ដីណែនាំនេះ គ.ជ.ប ត្រូវអនុវត្តសម្រាប់តែការចូលនិវត្តន៍ដោយដល់អាយុចូល និវត្តន៍ (៦០ឆ្នាំ) ការដាក់ឱ្យ ចូលនិវត្តន៍មុនអាយុកំណត់ តាមការស្ម័គ្រចិត្តរបស់អ្នករាជការ នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (អ.គ.ជ.ប) ដែលមានអតីត ភាពការងារចាប់ពី ៣០ ឆ្នាំឡើងទៅ និងការចូល និវត្តន៍ ដោយបាត់បង់សម្បទាវិជ្ជាជីវៈតែប៉ុណ្ណោះ។

សេចក្តីប្រកាសបានបន្តថា ៖ «អង្គភាពបេឡា សន្តិសុខ សង្គមផ្នែកប្រាក់សោធន សម្រាប់អ្នករាជការនៃ គណៈកម្មាធិ ការជាតិ រៀបចំការបោះឆ្នោត (ប.ស.ស.គ.ជ.ប) ត្រូវធ្វើការពិនិត្យផ្ទៀងផ្ទាត់និងធ្វើបច្ចុប្បន្នភាព ស្ថានភាព និវត្តន៍ជន ម្នាក់ៗឱ្យបានទៀងទាត់ និងជាប្រចាំនៅរៀងរាល់ប្រាំមួយ ខែម្តង»។

បើតាមគ.ជ.ប ប្រាក់សោធននិវត្តន៍ត្រូវបានបើកផ្តល់ជូន អ្នករាជការនៃគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត (អ.គ.ជ.ប) ដែលត្រូវបានដាក់ឱ្យចូលនិវត្តន៍ ដោយ ព្រះ រាជក្រឹត្យសម្រាប់អ្នករាជការនៃគណៈកម្មាធិការជាតិរៀប ចំការបោះឆ្នោត ក្របខ័ណ្ឌមន្ត្រីបោះឆ្នោតជាន់ខ្ពស់ ឬ ដោយសេចក្តីសម្រេចរបស់ គ.ជប សម្រាប់អ្នករាជការ នៃ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ក្របខ័ណ្ឌបោះឆ្នោត មធ្យម និងបឋម។

នាយកដ្ឋានរដ្ឋបាលនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ ត្រូវដាក់សំណើរសុំគោលការណ៍ស្តីពីការដាក់អ្នករាជការនៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ឱ្យចូលនិវត្តន៍ និង បញ្ជីរាយនាមអ្នករាជការនៃគណៈ កម្មាធិការជាតិរៀបចំការឆ្នោតដែលត្រូវចូលនិវត្តន៍តាម រយៈអគ្គលេខាធិការ គ.ជ.ប ដើម្បី ដាក់ជូន គ.ជ.ប ពិនិត្យ និងសម្រេច យ៉ាងតិចបីខែ មុនកាល បរិច្ឆេទកំណត់ចូលនិវត្តន៍របស់អ្នករាជការនៃគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោតម្នាក់ៗ។

លោក ប្រាជ្ញ ចន្ទ ប្រធានគណៈកម្មាធិការជាតិរៀបចំការ បោះឆ្នោត បានណែនាំឱ្យនាយកដ្ឋានរដ្ឋបាលនៃអគ្គ នាយក ដ្ឋានរដ្ឋបាលនិងហិរញ្ញវត្ថុ ត្រូវរៀបចំបែបទដែលត្រូវចូល និវត្តន៍ឱ្យបានឆាប់តាមសេចក្ដីណែនាំនេះ។

លោកប្រធានបញ្ជាក់ថា៖«តាមគម្រោងផែនការ គ.ជ.ប មន្ត្រីអ្នករាជ ការនៃគណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោត ដែលមាន អាយុលើសពី ៦០ឆ្នាំមួយចំនួន នឹងត្រូវដាក់ឱ្យចូលនិវត្ដន៍ នៅឆ្នាំ២០២៣ និងឆ្នាំបន្តបន្ទាប់»។

ទាក់ទងនឹងការសម្រេចរបស់គ.ជ.ប នេះដែរលោកឈួរ សុបញ្ញា អគ្គនាយកមូលនិធិជាតិជំនួយសង្គម ដែលជាស្ថាប័ន គ្រប់គ្រងលើវិស័យនិវត្តន៍ជនបានលើកឡើងថា តាមច្បាប់ សម្រាប់មន្ត្រីរាជការស៊ីវិលទូទៅចូលនិវត្តន៍នៅអាយុ៦០ ឆ្នាំ។តែយ៉ាងណាតាមច្បាប់នៅប្រទេសកម្ពុជាបានកំណត់អាយុចូលនិវត្តន៍ខុសៗគ្នាសម្រាប់មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ។

លោកបានប្រាប់ថា ៖ «ទោះយ៉ាងណា ទាំងមន្ត្រីរាជការ ស៊ីវិល ទាំងកងកម្លាំងប្រដាប់អាវុធ នីតិវិធី នៃការចូល និវត្តន៍មានដំណើរការដូចគ្នា គឺមុននឹងចូលនិវត្តន៍ ពួក គាត់ នឹងទទួលបានសាលាកបត្រពីស្ថាប័នរបស់ពួក គាត់។ ចំពោះប្រាក់សោធននិវត្តន៍ ពោលគឺប្រាក់ខែដែលពួក គាត់ ទទួលបាន នៅពេលចូលនិវត្តន៍ក៏ខុសគ្នាដែរ អាស្រ័យ ទៅ លើរយៈពេលបំពេញការងាររបស់ពួកគាត់ មុនពេលចូល និវត្តន៍។ គឺបើគាត់បានធ្វើការចាប់ពី២០ ឆ្នាំឡើងទៅមុននឹង ចូលនិវត្តន៍នោះ គាត់នឹងទទួលបានប្រាក់សោធននិវត្តន៍ ៦០ ភាគរយ នៃ ប្រាក់ខែមូលដ្ឋានរបស់គាត់»។

លោកបានពន្យល់ទៀតថា បើពួកគាត់បានធ្វើការ លើស ពី២០ ឆ្នាំទៅត្រូវបានគិត១ឆ្នាំ ២ ភាគរយបន្ថែមទៀត ដោយ អតិបរមាមិនលើស ៨០ ភាគរយនៃប្រាក់ខែមូលដ្ឋាន របស់គាត់ ។ «បើគាត់ធ្វើការបាន ៣០ ឆ្នាំមុនចូលនិវត្តន៍ គាត់នឹងទទួលបាន ប្រាក់សោធននិវត្តន៍ ៨០ ភាគរយ នៃប្រាក់ខែមូលដ្ឋានរបស់ គាត់ ដោយស្វ័យប្រវត្តិ ហើយបើទោះបីជាគាត់បានធ្វើការ លើសពី ៣០ ឆ្នាំឡើងទៅមុននឹងចូលនិវត្តន៍នោះ ក៏នៅ តែទទួលបាន ៨០ ភាគរយដែរ»៕

ដោយ៖ សូរិយា


ចែករំលែក៖