ខេត្តព្រះវិហារ ៖ ករណីមួយដែរថាមានជនបរទេស ២នាក់ ភ្ជង់ប្លន់យករថយន្តឈ្នួលនៅស្រុកឆែប ខេត្ត ព្រះវិហារ ពេលកំពុងធ្វើដំណើរឆ្ពោះទៅខេត្តស្ទឹងត្រែង ដែលបង្កឲ្យមានការភ្ញាក់ផ្អើលនៅរសៀលថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២២ គឺជារឿងប្រឌិត ដែលបង្កើតឡើងដោយម្ចាស់រថយន្តផ្ទាល់តែម្ដង ខណៈដែលរថយន្តនោះខ្លួនយកទៅលក់ដើម្បីសងបំណុលបងប្រុស និងមិនចង់ឲ្យក្រុមគ្រួសាររករឿង។បុគ្គលឈ្មោះ អឿន សង់ ដែលអះអាងកាលពីដំបូងថា ជាជនរងគ្រោះក្នុងហេតុការណ៍ប្លន់ដែលបង្កឡើងដោយជនជាតិបរទេស២នាក់ ជាអ្នកជួលរថយន្តរបស់ខ្លួនធ្វើ ដំណើរពីខេត្តសៀមរាប ឆ្ពោះទៅកាន់ខេត្តស្ទឹងត្រែង ហើយត្រូវភ្ជង់ប្លន់នៅក្នុងស្រុកឆែប នៅខេត្តព្រះវិហារ នោះ បានធ្វើការសុំទោសនៅចំពោះមុខសមត្ថកិច្ច ដែលខ្លួនប្រឌិតព័ត៌មានឡើងបង្កឲ្យមានការភ្ញាក់ផ្អើល នឹងយល់ច្រឡំពីសំណាក់សាធារណៈជន ។
បុរស អឿន សង់ បានបញ្ជាក់នៅចំពោះមុខសមត្ថកិច្ចថា រថយន្តដែលខ្លួនប្រឌិតថាត្រូវចោរប្លន់យកទៅបាត់នោះ គឺខ្លួនបានលក់នៅសៀមរាប កាលពីព្រឹកថ្ងៃទី ១៥ ខែ ធ្នូ ដើម្បីយកលុយទៅសងបំណុលបងថ្លៃ ដែលខ្លួនបានជំពាក់។ បន្ទាប់ពីលក់រួចខ្លួនបានឡើងជិះរថយន្ត ឈ្នួល ពីខេត្តសៀមរាប ក្នុងគោលបំណងទៅខេត្តស្ទឹងត្រែង លុះដល់ចំណុចព្រៃទទឹង ក្នុងភូមិឆែបកើត ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ ខ្លួនបានចុះពីរថយន្តឈ្នួល ហើយក៏ប្រឌិតថា ជនជាតិបរទេសពីរនាក់ប្លន់រថយន្តរបស់ខ្លួនតែម្ដង។
លោកវរសេនីយ៍ឯក ឈូរ ម៉ាឌី អធិការនគរបាលស្រុកឆែប ខេត្តព្រះវិហារ បានប្រាប់ភ្នាក់ងារសារព័ត៌មានឲ្យដឹងថា ក្រោយបញ្ចប់ការសួរនាំ និងស្ដាប់ការសារភាពកំហុសរួចហើយនោះ សមត្ថកិច្ចបានធ្វើកិច្ចសន្យាអប់រំ ហើយឱ្យក្រុមគ្រួសារដើម្បីមកធានាទើបអនុញ្ញាតឱ្យត្រឡប់ទៅផ្ទះវិញ។
សូមរំលឹកថា បុគ្គលឈ្មោះ អឿន សង់ បានប្រឌិតព័ត៌មានថា បុរសជាជនជាតិចិនម្នាក់និងនារីជាជនជាតិថៃម្នាក់ បានជួលរថយន្តខ្លួនពីខេត្តសៀមរាប ទៅខេត្តស្ទឹងត្រែងក្នុងតម្លៃ ២០០ដុល្លារ។ បន្ទាប់ពីព្រមព្រៀងគ្នាហើយ ក៏ធ្វើដំណើរមកដល់ចំណុចព្រៃទទឹង ក្នុងភូមិ សាស្ត្រ ភូមិឆែបកើត ឃុំឆែប១ស្រុកឆែបខេត្តព្រះវិហារ ខ្លួនបានឈប់រថយន្តដើម្បីចាក់ទឹក បន្ទាប់ពីចាក់ទឹករថយន្តរួចបម្រុងឡើងបើករថយន្តបន្តដំណើរទៅមុខទៀត ស្រាប់តែបុរសជនជាតិចិនបានដកកាំភ្លើងភ្ជង់ចង្កេះ និងបញ្ជាឲ្យនៅឆ្ងាយពីរថយន្ត ហើយពួកគេបើករថយន្តត្រឡប់ក្រោយវិញដោយសុវត្ថិភាព។
ក្រោយទទួលបានព័ត៌មាននេះភ្លាម កម្លាំងនគរបាលជំនាញ ក្រោមការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ បានបើកការស្រាវជ្រាវបន្ទាន់ ចុងក្រោយទើបដឹងថាជនរងគ្រោះជាអ្នកប្រឌិតព័ត៌មាន ៕
ដោយ៖ សូរិយា