ខេត្តសៀមរាប ៖ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ គណៈកម្មាធិការអន្តរជាតិដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍរមណីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ហៅកាត់ថា (អាយស៊ីស៊ី-អង្គរ) និងសំបូរព្រៃគុក បានបើកកិច្ចប្រជុំពេញអង្គរលើកទី២៩ នៅខេត្តសៀមរាប ក្រោមអធិបតី ភាពលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមបប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ព្រមទាំងសហប្រធាននៃកិច្ចប្រជុំលោកMIKAMI Masahiro ឯកអគ្គរាជទូតជប៉ុន និងលោក Jacques PELLET ឯកអគ្គរដ្ឋទូតបារាំងប្រចាំព្រះរាជាណាចក្រកម្ពុជា។
កិច្ចប្រជុំពេញអង្គលើកទី២៩នៃគណ:កម្មាធិការអាយស៊ីស៊ី-អង្គរ នាពេលនេះនឹងពិនិត្យ ពិភាក្សាទៅលើរបាយ ការណ៍សកម្មភាពនានារបស់អាជ្ញាធរជាតិអប្សរា និងអាជ្ញាធរជាតិសំបូរព្រៃគុក,ការអភិរក្សជួសជុលការស្រាវ ជ្រាវបុរាណវិទ្យា និងការបណ្ដុះបណ្ដាលធនធានមនុស្ស និងការងារសង្គ្រោះបន្ទាន់ទៅលើប្រាសាទ និងបុរាណដ្ឋាននានាជាដើម។ ក្នុងនោះដែរក៏មានការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នាចំនួន២៖ ១)រវាងអាជ្ញាធរជាតិអប្សរា និងសហជីពអង្គរ សង្កាត់គ្រប់គ្រងទឹកនៃជ្រលងប៊ីយ៉ែវ្រ SIAVB (បារាំង) ២) អាជ្ញាធរជាតិអប្សរា និង ស្ថាប័នJASA ជប៉ុន។
បន្ថែមពីលើនេះ នារសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា ព្រឹទ្ធ សភា និងអធិការកិច្ច នឹងផ្តល់កិត្តិយសអញ្ជើញចូលរួមជាអធិបតីក្នុងការបំពាក់គ្រឿងឥស្សរ យស ជូនដល់អ្នកជំនាញជាតិ និងអន្តរជាតិដែលបានចូលរួមចំណែកក្នុងកិច្ចអភិរក្ស និងអភិវឌ្ឍន៍ប្រកបដោយចីរភាពរមណីយដ្ឋានអង្គររយៈពេល ៣០ឆ្នាំមកនេះ៕
ដោយ៖ សូរិយា