ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋលេខាធិការក្រសួងការបរទេស ទទួលជួប លោក Pedro Zwahlen ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសហព័ន្ធស្វីសប្រចាំកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានបញ្ជាក់អោយដឹងថា, នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ លោកបណ្ឌិត ចែម វីឌ្យ៉ា រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានទទួលជួប លោក Pedro Zwahlen ឯកអគ្គរដ្ឋទូតតែងតាំងថ្មីនៃសហព័ន្ធស្វីសប្រចាំព្រះរាជាណាចក្រកម្ពុជានៅទីស្តីការក្រសួង។

ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ បានបន្តថា, នៅក្នុងឱកាសនៃជំនួបសម្តែងការគួរសមនេះ លោកបណ្ឌិត ចែម វីឌ្យ៉ា បានថ្លែងអំណរគុណចំពោះរដ្ឋាភិបាល និងប្រជាជនស្វីស សម្រាប់ជំនួយក្នុងកម្មវិធីអភិវឌ្ឍន៍ដល់វិស័យជាច្រើននៅកម្ពុជាដូចជា អភិបាលកិច្ចមូលដ្ឋាន និងការចូលរួមរបស់ប្រជាពលរដ្ឋ កសិកម្មនិងសន្តិសុខស្បៀង និងការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈនិងការងារ។ កម្ពុជាតែងតែដឹងគុណចំពោះការបន្តជួយដល់មន្ទីរពេទ្យគន្ធបុប្ផាក្នុងរយៈពេលជាច្រើនឆ្នាំកន្លងមកនេះ។ ជាមួយនេះផងដែរ លោកបណ្ឌិត ចែម វីឌ៉្យា ក៏បានអបអរសាទរប្រទេសស្វីសក្នុងឱកាសខួប១០ឆ្នាំនៃការបង្កើតការិយាល័យសហប្រតិបត្តិការស្វីសនៅកម្ពុជា និងការចាប់ផ្តើមដំណើការកម្មវិធីសហប្រតិបត្តិការស្វីសថ្មីនៅក្នុងតំបន់មេគង្គឆ្នាំ២០២២-២០២៥។

ជាការឆ្លើយតប លោក Pedro Zwahlen បានអបអរសាទរកម្ពុជាចំពោះភាពជោគជ័យក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និងបានកោតសរសើរចំពោះភាពជោគជ័យរបស់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអាស៊ានលើកទី៤០និងទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ។

ភាគីទាំងពីរត្រៀមខ្លួនរួចជាស្រេចក្នុងការប្រារព្ធខួបលើកទី៦០នៃការបង្កើតទំនាក់ទំនងការទូតរវាងកម្ពុជា និងស្វីស និងរៀបចំកិច្ចពិគ្រោះយោបល់ទ្វេភាគីលើកទី៣នៅភ្នំពេញនៅដើមឆ្នាំ ២០២៣ ព្រមទាំងបានសម្តែងការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការពង្រឹងនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីក៏ដូចជានៅលើឆាកអន្តរជាតិដែលមានស្រាប់រវាងប្រទេសទាំងពីរបន្ថែមទៀត។ ភាគីទាំងពីរក៏បានផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិដែលមានផលប្រយោជន៍រួមផងដែរ ៕

ដោយ ៖ សិលា


ចែករំលែក៖