ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់​ខណៈកំពុងជិះម៉ូតូតាមផ្លូវ៦០ម៉ែត្រ​ត្រូវរថយន្តមិនស្គាល់ម៉ាកបេីកកៀរឱ្យដួលបោកក្បាលនឹងថ្នល់ស្លាប់​ក្នុងថ្លុកឈាម

ចែករំលែក៖

ភ្នំពេញ ៖​ បុរសម្នាក់បានជិះម៉ូតូមួយគ្រឿងតាមដងផ្លូវ៦០ម៉ែត្រ​ (វិថីសម្ដេចតេជោ​)​ ស្រាប់តែរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក​បេីកមកកៀរឱ្យដួលបោកក្បាលនឹងថ្នល់ស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម​ រីឯរថយន្តបង្កហេតុបេីកគេចខ្លួនបាត់ស្រមោល​ ។ 

ករណីគ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលវេលាម៉ោង២​និង១០នាទីរសៀល​ថ្ងៃសុក្រ​ ទី១៦ ខែធ្នូ ឆ្នាំ ២០២២​ នៅតាមបណ្ដោយផ្លូវ៦០ម៉ែត្រ (វិថីសម្ដេចតេជោ)ស្ថិតក្នុងភូមិទួលរកា៣ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ​ ។ 

​     សពជនរងគ្រោះមានឈ្មោះ វៀង យុាំងហុីវ ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិវៀតណាម ស្នាក់នៅភូមិដើមមៀន សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល​ជិះម៉ូតូម៉ាកហុងដាឌ្រីម​ ស៊េរីឆ្នាំ២០០៧​ ពណ៌ខ្មៅ​ ពាក់ផ្លាកលេខភ្នំពេញ1AF-1837​ ។

​    តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឱ្យដឹងថា​ មុនកើតហេតុ​គេឃេីញជនរងគ្រោះជិះម៉ូតូមួយគ្រឿងតែម្នាក់ឯង​ តាមបណ្ដោយផ្លូវ៦០ម៉ែត្រ​ ក្នុងទិសដៅពីជើងទៅត្បូង​ ខណៈមកដល់ចំណុចកេីតហេតុស្រាប់តែមានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក​និងផ្លាកលេខ​ធ្វេីដំណេីរ

ស្របទិសគ្នាយ៉ាងលឿន​ ហេីយបានកៀរម៉ូតូជនរងគ្រោះបណ្ដាលឱ្យដួល​និងធ្វេីឱ្យជនរងគ្រោះបោកក្បាលនឹងថ្នល់ស្លាប់ក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម​ ភ្លាមៗនោះដែររថយន្តបង្កហេតុបានបន្ថែមល្បឿនបេីករត់បាត់ស្រមោលទៅ។

​     ក្រោយកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ និងបានសហការជាមួយជំនាញចរាចរណ៍ធ្វេីការវាស់វែងយកម៉ូតូជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ​ ជាបណ្ដោះអាសន្ន​ ។ ចំណែកសព​ត្រូវបានសមត្ថកិច្ចធ្វេីកំណត់ហេតុប្រគល់ឱ្យសាច់ញាតិយកទៅធ្វេីបុណ្យតាមប្រពៃណី​ ៕​

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖