ព័ត៌មានទាន់ហេតុការណ៍៖

អ៊ុយក្រែនប្រកាសអាសន្នពីថាមពល បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់រុស្ស៊ី

ចែករំលែក៖

ការប្រកាសនេះត្រូវបានធ្វើឡើងដោយអាជ្ញាធរក្រុងគៀវ បន្ទាប់ពីហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗនៅទូទាំងប្រទេសត្រូវបានខូចខាតយ៉ាងធ្ងន់ធ្ងរដោយការផ្ទុះជាច្រើនដងកាលពីថ្ងៃទី១៦ ខែធ្នូ។
យោងតាមសារព័ត៌មាន RT ក្រុមថាមពលរដ្ឋរបស់អ៊ុយក្រែន Ukrenergo កាលពីថ្ងៃទី១៦ ខែធ្នូ បានប្រកាសដាក់ប្រទេសក្នុងភាពអាសន្ន បន្ទាប់ពីការវាយប្រហារដោយមីស៊ីលចុងក្រោយរបស់រុស្ស៊ីទៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ប្រទេសនេះ។
អ៊ុយក្រែនបានបាត់បង់សមត្ថភាពអគ្គិសនីជាង ៥0% របស់ប្រទេសនេះ បន្ទាប់ពីប្រទេសរុស្ស៊ីបានវាយប្រហារជាបន្តបន្ទាប់ទៅលើរោងចក្រថាមពលកម្តៅ រោងចក្រវារីអគ្គិសនី …ជំរុញឱ្យរដ្ឋាភិបាលដាក់ប្រទេសក្នុងភាពអាសន្នថាមពល។
ការព្រមានអំពីការវាយឆ្មក់តាមអាកាសត្រូវបានដាក់ចេញទូទាំងប្រទេសអ៊ុយក្រែនកាលពីថ្ងៃទី ១៦ ខែធ្នូ ខណៈដែលប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក និងអាជ្ញាធរបានរាយការណ៍ពីការផ្ទុះនៅក្នុងទីក្រុង និងតំបន់មួយចំនួន រួមទាំងរដ្ឋធានីគៀវផងដែរ។
សារព័ត៌មាន CNN ក៏បានផ្សាយថា ការវាយប្រហារដោយកាំជ្រួចមីស៊ីលត្រូវបានកត់ត្រានៅគ្រប់ទីកន្លែង រួមទាំងទីក្រុងKiev, Odesa, Poltava, Zhytomyr, Kharkov និង Sumy អមដោយសំឡេងនៃការផ្ទុះខ្លាំងៗជាច្រើន។
យោងតាមអាជ្ញាធរអ៊ុយក្រែន ការវាយប្រហារដោយកាំជ្រួចរបស់រុស្ស៊ីបានតម្រង់ទៅលើហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់ប្រទេសអ៊ុយក្រែននៅព្រឹកថ្ងៃទី១៦ ខែធ្នូ។ នៅក្នុងរដ្ឋធានី Kiev អភិបាលក្រុង Vitaly Klitschko បានប្រកាសពីការផ្ទុះនៅក្នុងតំបន់ Desniansky, Holosiivskyi និង Dniprovskyi ៕ ដោយ៖ ធីរីណា

រូប​ថត​ ៖ Getty


ចែករំលែក៖