ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុនសែន សូមផ្ដល់អនុសាសន៍មួយចំនួនដល់វេទិកានិពន្ធនាយកសារព័ត៌មាន កម្ពុជា ធ្វើជាមូលដ្ឋានក្នុងការពិភាក្សា និងរៀបចំទិសដៅសម្រាប់អនុវត្តដូចខាងក្រោម៖
១- ពង្រឹងយន្តការប្រតិបត្តិក្រមសីលធម៌ និងវិជ្ជាជីវៈឱ្យបានខ្ជាប់ខ្ជួន និងប្រឆាំងជនឱកាសនិយមជ្រកក្រោមស្លាកសារព័ត៌មានដើម្បីរក្សាគុណតម្លៃ និងសេចក្ដីថ្លថ្នូររបស់ស្ថាប័នសារព័ត៌មាន។
២- បណ្តុះបណ្តាលអ្នកសារព័ត៌មានទាំងផ្នែកវិជ្ជាជីវៈ និងបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយឌីជីថល ដើម្បីឱ្យអ្នកសារព័ត៌មានរបស់យើងដើរទាន់ការវិវត្តនៃប្រព័ន្ធផ្សព្វផ្សាយទំនើបនាពេល បច្ចុប្បន្ន។
៣- ចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងមិនត្រូវធ្វើជាភ្នាក់ងារចែកចាយព័ត៌មាន ក្លែងក្លាយបំពុលសង្គមដែលធ្វើឱ្យប្រទេសធ្លាក់ទៅក្នុងភាពចលាចល បាត់បង់សណ្តាប់ធ្នាប់ សង្គម។
៤- បន្តផ្សព្វផ្សាយនូវវិធានការការពារ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ឱ្យកាន់តែសកម្មថែមទៀត និងណែនាំឱ្យបងប្អូនប្រជាពលរដ្ឋបានទៅចាក់វ៉ាក់សាំងកូវីដ-១៩ បានគ្រប់ៗគ្នា។
៥- ផ្សព្វផ្សាយដំណើរឆ្ពោះទៅព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ ដែល កម្ពុជា ធ្វើជាម្ចាស់ផ្ទះឱ្យបានទូលំទូលាយ និងជ្រួតជ្រាបដល់គ្រប់ស្រទាប់មហាជន។
សម្តេចមានប្រសាសន៍ថា, ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា ការពិភាក្សារបស់បងប្អូននិពន្ធនាយក និងថ្នាក់ដឹកនាំអង្គភាពសារ ព័ត៌មានក្នុងវេទិកានេះ នឹងទទួលបានលទ្ធផលជាផ្លែផ្កាដើម្បីអភិវឌ្ឍន៍ប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា។
សម្តេចតេជោ សូមកោតសរសើរចំពោះអង្គភាពសារព័ត៌មាន សមាគម និងក្លិបអ្នកកាសែត កម្ពុជា ដែលបានសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធក្នុងការបណ្តុះបណ្តាលធនធានមនុស្សលើ វិស័យសារព័ត៌មាន ពង្រឹងសមត្ថភាពយល់ដឹង និងការអនុវត្តក្រមសីលធម៌ វិជ្ជាជីវៈសារព័ត៌មាន ក៏ ដូចជាអក្ខរកម្មបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយឌីជីថល និងព័ត៌មាន ដើម្បីបង្កើនសមត្ថភាពយល់ដឹង ផ្នែកក្រមសីលធម៌ វិជ្ជាជីវៈ និងមានសុចរិតភាពក្នុងការបំពេញការងារ ព្រមទាំងបង្កើនសមត្ថភាព ផ្នែកបច្ចេកទេស ដើម្បីដើរទាន់ការវិវត្តនៃបច្ចេកវិទ្យាប្រព័ន្ធផ្សព្វផ្សាយឌីជីថលនាពេលបច្ចុប្បន្ន ៕
ដោយ : សុខ ខេមរា