ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់របួសធ្ងន់ដោយសារគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូពីក្រោយ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់បានបើករថយន្តលឿនជ្រុលទៅបុកម៉ូតូពីក្រោយអូសកិនទៅមុខជាច្រើនម៉ែត្រ បណ្តាលឱ្យបុរសវ័យចំណាស់ម្នាក់ រងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលម៉ោង ៨យប់ថ្ងៃទី ១៦ខែធ្នូឆ្នាំ ២០២២ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២០០៤ ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសរងគ្រោះបើកម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅពាក់ស្លាកលេខ ភ្នំពេញ 1FI-2296 បើកតាមបណ្តោយផ្លូវលេខ២០០៤ ក្នុងទិសដៅពីត្បូងមកជើង ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តបង្កម៉ាកតូយ៉ូតាព្រូស ពណ៌ប្រផេះពាក់ស្លាកលេខ ភ្នំពេញ 2BL-0786 បើកបរដោយបុរសម្នាក់ធ្វើដំណើរពីក្រោយ តាមបណ្តោយផ្លូវលេខ២០០៤ ស្របគ្នាទិសដៅពីត្បូងមកជើងក្នុងល្បឿនយ៉ាងលឿនបានរុលទៅបុកម៉ូតូពីក្រោយពេញទំហឹងបណ្តាលឲ្យខ្ទាតជនរងគ្រោះចេញពីម៉ូតូ បោកក្បាលនៅនឹងថ្នល់រងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយ ដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ ចំណែកឯម៉ូតូ អូសចូលក្រោមរថយន្តទៅមុខជាច្រើនម៉ែត្រ ទើបម្ចាស់រថយន្តបង្កឈប់រួចបើកទ្វាររត់គេចខ្លួនបាត់ស្រមោល។

បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់វាស់វែងយករថយន្តនឹងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖