ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ២នាក់ជាជនជាតិវៀតណាមពាក់ព័ន្ធករណីជំរិតទារប្រាក់ដោយប្រើប្រាស់អាវុធ

ចែករំលែក៖

ខេត្តស្វាយរៀង ៖ ជនសង្ស័យ២នាក់ជាជនជាតិវៀតណាមត្រូវបានសមត្ថកិច្ចនគរបាលឃាត់ខ្លួនពាក់ព័ន្ធករណីជំរិតទារប្រាក់ដោយប្រើប្រាស់អាវុធនៅស្រុកចន្ទ្រា។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៦និង៤០នាទីព្រលប់ថ្ងៃទី១៦ ខែ ធ្នូ ឆ្នាំ ២០២២ នៅត្រង់ចំណុចលើផ្លូវបេតុងមុខកាសុីណូ888 ស្ថិតនៅភូមិចេក ឃុំសំរោង ស្រុកចន្រ្ទា ។

យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថាជនសង្ស័យមានឈ្មោះង្វៀង មិនហុង  អាយុ ៣២ឆ្នាំ ជនជាតិ វៀតណាម  រស់នៅភូមិអឹមបឺន ឃុំអាងថាន ស្រុកវៀងបុិនកុវ ខេត្តតៃនិញនិងឈ្មោះ ង្វៀង តូរូ អាយុ ៣១ឆ្នាំ ជនជាតិវៀតណាម រស់នៅភូមិ តាបុិប សង្កាត់បាវិត ក្រុងបាវិត។

ចំណែកជនរងគ្រោះមានឈ្មោះយឿង វាំងគាំង ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិវៀតណាម មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទូហាយ ឃុំដុងកឺយ ស្រុកចូវចាន់ ខេត្តតៃនិញ។

ប្រភពបន្តថា ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងជំនាញព្រហ្មទណ្ឌស្រុកចន្ទ្រា សហការជាមួយកម្លាំងប៉ុស្ដិ៍នគរបាលរដ្ឋបាលសំរោង  បានធ្វើការស្ទាក់ឃាត់រថយន្តជនសង្ស័យបាននៅត្រង់ចំណុចភូមិ ដីក្រហម ឃុំមេសថ្ងក ស្រុកចន្ទ្រា បាននាំខ្លួនមនុស្សនៅក្នុងរថយន្តដើម្បីមកសាកសួរ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ ទាំង ០២នាក់ បានឆ្លើយសារភាពថាខ្លួនបានធ្វើសកម្មភាពយកកាំភ្លើងខ្លីម៉ាករូឡូ(WG)ពណ៌សរ  លេខ21TH7709 ដែលទុកនៅក្នុងរថយន្តម៉ាកអ៉ិនណូវ៉ា ពណ៌ ទឹកមាស ស្លាកលេខ កំពង់ធំ 2A 0805 មកភ្ជង់គំរាមទៅលើជនរងគ្រោះ ឱ្យឡើងជិះរថយន្តជាមួយខ្លួនពិតប្រាកដមែន ដើម្បីជំរិតទារប្រាក់។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ រួមនិងវត្ថុតាង ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកចន្រ្ទា ដើម្បីចាត់ការបន្តតាមច្បាប់ ៕

ដោយ៖ សុថាន

 


ចែករំលែក៖