ព័ត៌មានទាន់ហេតុការណ៍៖

សុំលុយម្ដាយមីងមិនបានវាយម្ដាយមីងរបួសយ៉ាងដំណំ

ចែករំលែក៖

ខេត្តកណ្ដាល ៖ ជនសង្ស័យមុខសញ្ញាចេញពីពន្ធនាគារម្នាក់ វាយម្ដាយមីងខ្លួនរងរបួសទាំង២នាក់ យ៉ាងដំណំព្រោះខឹងសុំលុយមិនបាន។ ករណីនេះ បានកើតឡើងនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៦និង០០នាទីនៅចំណុចភូមិព្រែកប៉ាង ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល។

   មន្ត្រីនគរបាលស្រុកស្អាងបានឲ្យដឹងថា ជនរងគ្រោះ០២នាក់ ទី១.ឈ្មោះ ហេង ស្រីលុន ភេទស្រី អាយុ៥១ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ដូរ មានរបួសជាំភ្នែកខាងស្តាំនិងបែកចិញ្ចើមខាងស្ដាំ(ត្រូវជាម្ដាយមីង) និងទី២.ឈ្មោះ ហេង ឡាក់ជៀវ ភេទស្រីអាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការិនី(ត្រូវជាម្ដាយមីង) មានរបួសពកក្បាល។ អ្នកទាំងពីរមានទីលំនៅភូមិព្រែកប៉ាងឃុំកោះខែលស្រុកស្អាងខេត្តកណ្ដាល។

ជនសង្ស័យឈ្មោះ រិន វិច្ឆិកា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរនមិនពិតប្រាកដមានទីលំនៅភូមិព្រែកប៉ាង ឃុំកោះខែល ស្រុកស្អាង ខេត្តកណ្ដាល(ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាលរយៈពេល០១ឆ្នាំពីបទ:ហិង្សាដោយចេតនា)ជនសង្ស័យជាមនុស្សប្រើប្រាស់គ្រឿងញៀនជាប្រចាំ។

    ប្រភពដដែលបន្តថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកេីតហេតុខាងលើជនសង្ស័យបានមកសុំលុយជនរងគ្រោះទាំងពីរនាក់ខាងលើ តែជនរងគ្រោះមិនឲ្យ រួចហើយជនសង្ស័យក៏បានខឹង រួចបាននិយាយថាថ្ងៃហ្នឹងចង់កាប់មនុស្សម្នាក់ ឮដូច្នេះជនរងគ្រោះទាំងពីរនាក់ក៏បាននិយាយពាក្យលួងលោមជនសង្ស័យមិនស្ដាប់ក៏បានស្ទុះមកវាយជនរងគ្រោះទាំងពីរនាក់ បណ្ដាលឲ្យមានរបួសតែម្ដង។ 

    ពេលទទួលបានព័ត៌មានខាងលេីនេះភ្លាមកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍កោះខែលសហការជាមួយប្រជាការពារឃុំបានចុះដល់កន្លែងកើតហេតុបានឃាត់ខ្លួនជនសង្ស័យមកប៉ុស្តិ៍ដើម្បីធ្វើការសាកសួរ។

    បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

ដោយ៖ ស្អាង ជ័យ


ចែករំលែក៖