ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តស៊េរីទំនេីបបុករះម៉ូតូនិងរថយន្តរបស់តារាចម្រៀងស្រី​ គង់ កែវមរកត ​នៅភ្លើងស្តុបសេះមាស​ ខ្ទេចទាំងស្រុង

ចែករំលែក៖

ភ្នំពេញ​ ៖​ បុរសជាជនជាតិចិនម្នាក់​បានបេីករថយន្តស៊េរីទំនេីបម៉ាក​ PORSCHE CAYENNE យ៉ាងលឿន​រេចង្កូតជ្រុលទៅបុករថយន្តរបស់តារាចម្រៀង​ គង់ កែវមរកត ដែលកំពុងតែបេីកបរតាមផ្លូវពីក្រោយយ៉ាងពេញទំហឹង​ និងមិនទាន់អស់ល្បឿនក៏ជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតបណ្ដាលឱ្យខូចខាតយ៉ាងដំណំ​ ។ ហេតុការណ៍នេះបានបង្កឱ្យមានការភ្ញាក់ផ្អើលឡើងកាលពីវេលាម៉ោង១២​និង៥០នាទីរំលងអធ្រាត្រឈានចូលថ្ងៃពុធទី២១ ខែធ្នូ ឆ្នាំ២០២២​ នៅត្រង់ចំណុចភ្លើងស្តុបសេះមាស តាមបណ្ដោយផ្លូវ៣០ម៉ែត្រកែង​នឹងមហាវិថីចោមចៅ ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

​     តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ខាងលេីបានប្រាប់ឱ្យដឹងថា​ មុនកេីតហេតុគេឃើញរថយន្ត Toyota Prius ពណ៌ទឹកប្រាក់ ស៊េរីឆ្នាំ២០០៧ ពាក់ផ្លាកលេខភ្នំពេញ2BF-3943បើកបរដោយតារាចម្រៀង​ គង់ កែវមរកត និងរួមដំណើរដោយនារីម្នាក់ទៀតធ្វេីដំណេីរតាមបណ្ដោយផ្លូវ៣០ម៉ែត្រ​ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុខាងលើក៏ស្រាប់តែមានរថយន្តម៉ាកPORSCHE CAYENNE ស៊េរីឆ្នាំ២០១៥ ពាក់ផ្លាក​លេខភ្នំពេញ2AX-0299 បើកបរដោយជនជាតិចិនម្នាក់​ធ្វេីដំណេីរស្របទិសគ្នាយ៉ាងលឿន​មកបុករថយន្តព្រូស​ ពីក្រោយពេញទំហឹង​ និងជ្រុលចង្កូតទៅបុកម៉ូតូម៉ាកហុងដាឌ្រីម C125 ស៊េរីឆ្នាំ2022 ពាក់ផ្លាកលេខភ្នំពេញ1JF-8918ដែលចតលើចិញ្ចើមផ្លូវពេញទំហឹងរុញផ្ទប់នឹងរបងដីឡូត៍មួយកន្លែង ធ្វើឱ្យម៉ូតូនិងរថយន្តទាំងបីគ្រឿងខូចខាតយ៉ាងដំណំ តែសំណាងល្អក្នុងគ្រោះថ្នាក់ចរាចរណ៍នេះមិនបណ្ដាលឱ្យនរណាម្នាក់រងរបួសនោះឡេីយ​ ។ 

​     ក្រោយកើតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ​ និងបានឱ្យភាគីទាំងបីសម្របសម្រួលគ្នាមួយជំហានសិន​ ។ មួយសន្ទុះធំក្រោយមកភាគីខាងរថយន្តបង្កបើកបរដោយជនជាតិចិនបានចេញសំណង​ដោយទិញយករថយន្តToyota Priusក្នុងតម្លៃ14,800 ដុល្លារនិងម៉ូតូចំនួន 2,750 ដុល្លារ​ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕

ដោយ​ ៖​ ភារ៉ា​ ដង្កោ


ចែករំលែក៖