ភ្នំពេញ ៖ ខ្លាត្រី (ឈ្មោះអង់គ្លេស៖ Fishing Cat ឈ្មោះវិទ្យាសាស្រ្ត៖ Prionailurus viverrinus) ខ្លាត្រីមានសម្បុរប្រផេះ រោមទន់ មានស្នាមអុចៗ ជើងខ្លី ត្រចៀកខ្លី មានស្នាមអុចតូចៗនៅលើស្លឹកត្រចៀក។ នេះជាបញ្ជាក់ពី លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២២។
លោក រដ្ឋលេខាធិការ នេត្រ ភក្ត្រា បានបន្តថា, ក្បាលរាងវែងស្តួច កន្ទុយខ្លីជាងក្បាល-ដងខ្លួនរោមទន់មានស្នាមអុចៗ រាងឆ្នូតខ្លីនៅលើខ្នង។ កន្ទុយមានសម្បុរប្រផេះមានអុចខ្មៅៗនៅផ្នែកគល់ និងមានបង្កង់ខ្មៅនៅផ្នែកចុង។ ថ្ពាល និងក្តោងច្រមុះមានព័ណ៌ប្រផេះ មានឆ្នូតពីរចាប់ពីភ្នែកមកក្រោមត្រចៀក។
លោក នេត្រ ភក្ត្រា បានបញ្ជាក់ទៀតថា , ខ្លាត្រីជាសត្វចូលចិត្តរស់នៅតាមព្រៃគម្ពោត និងព្រៃល្បោះក្បែរមានទឹក ដែលជាកន្លែងដែលវាអាចចាប់ត្រី ក្តាម បក្សី គ្រុំ និងសត្វដទៃទៀតបានធ្វើជាអារហារ។ ខ្លាត្រីអាចបង្កើតកូនបានពី២-៣ក្បាល បន្ទាប់ពីពពោះរយៈពេល៩០-៩៥ថ្ងៃ ហើយវាអាចបន្តពូជបាននៅអាយុ៨ខែកន្លះ។ សត្វប្រភេទនេះមានរបាយនៅតំបន់ភូមិភាគឦសាន ភាគខាងជើង និងនិរតីនៃប្រទេសកម្ពុជា។ កន្លងមក ខ្លាត្រីត្រូវបានបញ្ជាក់វត្តមាននៅតំបន់រ៉ាមសារស្ទឹងសែន បឹងទន្លេសាប និងដែនជម្រកសត្វព្រៃពាមក្រសោប ៕
ដោយ ៖ សិលា