ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តនិងម៉ូតូបុកគ្នាបណ្តាលឱ្យបុរសម្នាក់រងរបួសធ្ងន់

ចែករំលែក៖

    ភ្នំពេញ ៖ បុរសម្នាក់រងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ ខណៈដែលបើកម៉ូតូលឿនជាន់ហ្រ្វ័ងមិនទាន់ជ្រុលទៅបុករថយន្តដែលកំពុងបើកបត់ឆ្លងផ្លូវចំពីមុខ ពេញទំហឹង។

   ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ៨និង ២៥នាទីយប់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ត្រង់ចំណុចទល់មុខនឹងវត្តស្ងួនពេជ្រ ក្នុងសង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ។

   ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តម៉ាកតូយ៉ូតាព្រូស ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BL-9290 បើកបរដោយបុរសម្នាក់និងរួមដំណើរជាមួយបុរសម្នាក់ទៀត ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីលិចទៅកើត ខណៈបើកមកដល់ចំណុចកើតហេតុបានបួងចង្កូតបត់ឆ្វេងបម្រុងចូលក្នុងបុរីមួយកន្លែង ពេលបត់ហួសពាក់កណ្តាលផ្លូវហើយស្រាប់តែមានម៉ូតូម៉ាកហុងដាឌ្រីម  ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង1AN-2030 បើកបរដោយបុរសម្នាក់ធ្វើដំណើរបញ្រ្ចាសទិសគ្នាពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿនជាន់ហ្រ្វ័ងមិនទាន់ក៏ជ្រុលទៅបុករថយន្ត ចំពីមុខផ្នែកចំហៀងខាងស្តាំបណ្តាលឱ្យម៉ូតូដួលរងរបួសអ្នកបើកបរធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ ។

    បន្ទាប់ពីកើតហេតុដោយភាគីទាំងសងខាងសម្រួលគ្នាមិនត្រូវទើបសមត្ថកិច្ចមូលដ្ឋានសង្កាត់កន្ទោកទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឱ្យចុះមកវាស់វែង និងធ្វើកំណត់ហេតុយករថយន្តនិងម៉ូតូជនរងគ្រោះទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំឱ្យភាគីទាំងសងខាងចូលខ្លួនមកដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖ ជ្រោយពេជ្រ


ចែករំលែក៖