ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត អនុប្រធាននាយកដ្ឋានចរាចរណ៍ក្រសួងមហាផ្ទៃនិងលោកស្រីជាភរិយាបាននាំយកមីចំនួន២០៦កេសជូនដល់រដ្ឋបាលខណ្ឌសែនសុខទុកសម្រាប់ចាត់ចែងតាមតម្រូវការ។ ពិធីប្រគល់ទទួលនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២១ខែធ្នូឆ្នាំ២០២២នៅសាលាខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ក្នុងឱកាសនោះដែរលោក ឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត បានមានប្រសាសន៍ថា ការផ្តល់ជូនអំណោយជាមីចំនួន២០៦កេសនាពេលនេះគឺដើម្បីចូលរួមចំណែកជាមួយរដ្ឋបាលខណ្ឌបាលខណ្ឌសែនសុខដើម្បីចាត់ចែងតាមតម្រូវការដូចជាយកទៅចែកជូនប្រជាពលរដ្ឋនៅក្នុងខណ្ឌសែនសុខដែលជួបការខ្វះខាតនិងមានជីវភាពទីទាល់ក្រ។ លោកបានបន្តទៀតថា នេះជាលើកទីពីរហើយដែលរូបលោកនិងភរិយាបានបរិច្ចាគធនធានថវិកាផ្ទាល់ខ្លួនជូនជាសម្ភារ(មី)ដើម្បីចូលរួមចំណែកជាមួយរដ្ឋបាលខណ្ឌសែនសុខ។
នាឱកាសនោះដែរ លោកម៉ូវ ម៉ានិតអភិបាលខណ្ឌនៃគណៈអភិបាលខណ្ឌសែនសុខបានមានប្រសាសន៍ សំណេះសំណាល និងបានកោតសរសើរដល់លោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត និងលោកស្រីព្រមទាំងក្រុមគ្រួសារដែលតែងតែផ្ដល់នូវគ្រឿងឧបភោគបរិភោគនិងសម្ភារៈជាច្រើនទៀតដើម្បីចូលរួមជាមួយ រដ្ឋបាលខណ្ឌសែនសុខ ទុកបម្រើជូនក្នុងសកម្មភាពមនុស្សធម៌ផ្សេងៗជាបន្តបន្ទាប់។
លោកឡោ ម៉េងហួតនិងលោកស្រីក៏ដូចជាប្រជាពលរដ្ឋទូទៅបានសម្តែងការពេញចិត្ត គ្រាំទ្រលើការដឹកនាំនិងកោតសរសើរដល់លោកម៉ូវ ម៉ានិត អភិបាលខណ្ឌដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។
សូមបញ្ជាក់ថា កន្លងមកលោកឡោ ម៉េងហួតនិងលោកស្រីតែងតែជួយដល់សង្គម ផ្ដល់នូវថវិកា ក៏ដូចជាគ្រឿងឧបភោគបរិភោគដល់ជនខ្វះខាត សិស្សានុសិស្ស ចាស់ជរាទីទាល់ក្រជាច្រើនទៀតផងដែរ៕
ដោយ៖ចន្ទ លីហ្សា