ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៌មានពីក្រសួងបរិស្ថាន បានឱ្យដឹងនៅព្រឹកថ្ងៃពុធទី២១ ខែធ្នូ ឆ្នាំ២០២២នេះ តាមការដកស្រង់ចេញពីសៀវភៅមគ្គទេសក៍គ្រឿងទេសកម្ពុជា រមៀត (Turmeric) កម្ពស់១-១,៥ម មានមើមក្តៀងពណ៌លឿងទុំ។ ស្លឹកមានស្ទប នៅគល់ស្លឹករាងទ្រវែង។ ផ្កាមួយៗ មានស្ទបគ្មានទងផ្កា។ ផ្កាពេលរីកលេចចេញពីស្ទប ត្របកផ្កាពណ៌ស ស្រទាប់ផ្កាពណ៌លឿងខ្ចី ស្រទាប់ធំមានពណ៌លឿងទុំ។
ក្រសួងបរិស្ថាន បានឱ្យដឹងទៀតថា ផ្លែជាប្រភេទផ្លែស្ងួត មូលវែង អាចបែកជា ៣ក្លែប’(3-valved) មានគ្រាប់ច្រើនហើយមានសាច់រុំគ្រាប់ (arillate)។ មើមពណ៌លឿងមានជាតិទឹកច្រើន ក្លិនក្រអូប និងបន្តពូជដោយគ្រាប់។ ដុះស្ទើរគ្រប់ស្ថានដីនៅតំបន់មានអាកាសធាតុក្តៅបង្គួរ។
គួរជម្រាបថា ចំពោះការប្រើប្រាស់បានជា គ្រឿងទេស ឱសថ៖
_ គ្រឿងទេស បង្កើនរសជាតិ ក្លិនឈ្ងុយក្នុងអាហារ។
_ ឱសថ មើមបុកលាបមុខ និងដងខ្លួន សម្រាប់ស្រ្តីឆ្លងទន្លេរួច។ ម្សៅរមៀតលាយជាមួយទឹកក្រូចឆ្មារ លាបព្យាបាល ថ្លោះគ្រេច រមាស់ និងដំបៅក្លាយ៕
ដោយ៖សហការី